បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ បើកកិច្ចប្រជុំ​ ថ្នាក់ដឹកនាំ ប្រធានមន្ទីរ និងមេបញ្ជាការក្រុង-ស្រុកទាំង៩ ដើម្បីពង្រឹង​ ការអនុវត្តន៍តួនាទី-ភារកិច្ច និងបទបញ្ជាទូទៅរបស់ថ្នាក់លើប្រគល់ជូន


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបើកកិច្ចប្រជុំដល់ថ្នាក់ដឹកនាំ រួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ និងលោកមេបញ្ជាការក្រុង-ស្រុកទាំង៩ ដើម្បីពង្រឹងការអនុវត្តន៍តួនាទី-ភារកិច្ច និងបទបញ្ជាទូទៅរបស់ថ្នាក់លើប្រគល់ជូន ។


កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។


ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ណែនាំដល់លោកមេបញ្ជាការរងទទួលជំនាញ លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកក្រោមឱវាទរបស់ខ្លួនត្រូវអនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួលទៅតាមបរិបទនៃជម្ងឺកូវីដ-១៩ នោះទេ ។


ហើយអាវុធហត្ថគ្រប់រូបត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យបានត្រឹមត្រូវតាមឋានានុក្រមផងដែរ ពិសេសអាវុធហត្ថគ្រប់រូបមិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ឡើយ មានដូចជាការរុករានទន្ទ្រានដីរដ្ឋ ព្រៃឈើ និងជួញដូរ ប្រើប្រាស់គ្រឿងញៀន រួមទាំងបទល្មើសផ្សេងទៀតផងដែរ ។


លោកមេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន ។


ជាចុងបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានកោតសរសើរចំពោះ￸ថ្នាក់ដឹកនាំ និងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់ទាំងការអនុវត្តន៍តួនាទី-ភារកិច្ច និងការថែទាំជំរុំជំរក ព្រមទាំងគ្រឿងបំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ដល់ការហូបចុករបស់កងកម្លាំងផងដែរ ។


លោកមេបញ្ជាការបានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីយកឈ្នះមេរោគ​កូវីដ-១៩ និងជម្ងឺកាចសាហាវផ្សេងទៀតឱ្យបានជោគជ័យ ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ​ជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង