អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះដាច់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាពពេលស្ថានភាពធ្ងន់ធ្ងរ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។

អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២.៣០នាទី យប់រំលងអធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។

សម្រាប់ស្ថានភាពនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំ និងបញ្ជាឲ្យកងកម្លាំងជម្លៀសប្រជាជនមកកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងស្ថានភាពនេះទេ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរទៅផ្នែកខាងក្រោម នៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ។

ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោត កាលពីយប់ម៉ិញអាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងបានប្រមាណ ៨០ភាគរយហើយ គិតដល់ម៉ោងជិត១២ត្រង់ត្រង់នេះ។
គួរបញ្ជាក់ថា៖ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោត កាលពីយប់ម៉ិញថ្ងៃទី២៦តុលា អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងបានប្រមាណ ៨០ភាគរយហើយ គិតមកដល់ម៉ោងនេះ។

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រោយពីទទួលបានព័ត៏មានជុំវិញ ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោត កាលពីយប់ម៉ិញ ឯកឧត្តម ឃួង ស្រេងបានចុះមកដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានបញ្ជា ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ទឹកដែលធ្លាយនេះ កុំអោយបង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ។

ទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានធ្លាយ កាលពីយប់ម៉ិញ (ថ្ងៃទី២៦តុលានេះ )មានទីតាំង ស្ថិតក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ពីមុនជាទ្វាទឹក (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនអោយដំណើរការ លុះមកដល់មានជំនន់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ អតីតទ្វាទឹកនេះ បានជ្រៀបទឹករហូតធ្លាយពីខាងក្រោមតែម្តង។

ក្រោយពីធ្លាយទំនប់នេះ មិនបានប៉ុន្មានម៉ោងផង អាជ្ញាធររាជធានីភ្នំពេញ ក្រោមការបញ្ជាពីផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងអាចគ្រប់គ្រប់គ្រងបានប្រមាណ៨០ភាគរយ ដែលវានឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋបន្ថែមទៀត។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានអោយដឹងថា ការបាក់ទំនប់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀតនៃខណ្ឌដង្កោ ក្នុងនោះមាន ភូមិកន្ទុយទឹក ប៉ះពាល់ចំនួន ៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង ៨៥ ខ្នង ភូមិសាលាចំនួន៧៤ សរុប ៣០៦ខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយអោយធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើអាចទប់ស្កាត់បានទាន់ពេលវេលា៕ អរគុណសន្តិភាព