អភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៥គ្រួសារ នៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិទួលរកា ១៧គ្រួសារ, និងនៅភូមិដីលើ ៦៨គ្រួសារ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរៀនរស់នៅជាមួយជម្ងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង, ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣ការពារ ៣កុំ” និង សូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា។
គួរបញ្ចាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចធ្វើអោយផ្ទះ ៨៧ខ្នង ( ភូមិទួលរកា ១៧ខ្នង និងភូមិដីលើ ៧០ខ្នង) រងការខូចខាត ដោយមានការដួលរលំរបើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។ ភ្លាមៗនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់ ២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេ រួចហើយ។ នៅសល់ ៨៥ គ្រួសារ ទៀត សាខា បាន សហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ, ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១, អាវយឺតចំនួន ៤ និង ថវិកា ១០០,០០០ រៀល។ ជាមួយនោះ ឯកឧត្តម អភិបាលខេត្តបានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តទួលរកា នូវ អង្ករ ១០០គក្រ, មី ៤កេស, ត្រីខ ៤យួរ និង បច្ច័យ ២០០,០០០ រៀលផងដែរ៕