រដ្ឋបាលខេត្តកណ្តាល រៀបចំទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២១

ខេត្តកណ្តាល៖ មនុស្សវ័យចំណាស់ជាធនធានដ៏មានសារៈសំខាន់មិនចេះរីងស្ងួត ជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នា នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកណ្តាល ថ្លែងក្នុងទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២១ ក្រោមប្រធានបទ(ចូលរួមគាំទ្រថែសុខមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ឋគាំពារមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា) នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីភាពផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា៖ការប្រារព្ធទិវាមនុស្សចាស់១តុលានេះ បានបង្ហាញអោយឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកត្តិយស និងឯកឧត្តម វង សួត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាជាប្រធាន។

ឯកឧត្តម បន្ថែថា៖ សមាគមមនុស្សចាស់ គឺជាអង្គការសហគមន៍មួយ ដែលមានគោលដៅលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់តាមរយៈសកម្មភាពរួមដែលផ្តល់ផលប្រយោជន៍ដល់មនុស្សចាស់ផ្ទាល់ និងសហគមន៍របស់ពួកគាត់។

គោលបំណង នៃការបង្កើតសមាគមមនុស្សចាស់ឡើងគឺដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ គុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ត ជម្រុញមនុស្សចាស់អោយជួយគ្នាទៅវិញទៅមកក្នុងន័យជម្រុញ និងផ្សព្វផ្សាយអោយមានការគាំទ្រដល់សហគមន៍ ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។

លើសពីនេះទៅទៀត សមាគមមនុស្សចាស់រៀបចំឡើងដើម្បីផលប្រយោជន៍របស់មនុស្សចាស់ដែលងាយរងគ្រោះ និងមានការលំបាកផ្នែកហិរញ្ញវត្ថុ ឫជីវភាពរស់នៅក្នុងសហគមន៍ ការសាមគ្គីគ្នា ដោះស្រាយបញ្ហារបស់មនុស្សចាស់ ផ្តល់នូវសុខុមាលភាពផ្នែកសង្គម សម្រាប់មនុស្ស ចាស់ក្រីក្រ ដែលងាយរងគ្រោះតាមរយៈការសួរសុខទុក្ខ និងផ្ដល់អត្ថប្រយោជន៍ ពីតំណាងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១។

ស្ថិតក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់ លោកតា លោកយាយ ពូ មីង ចំនួន៣០០នាក់ ដែលបានចូលរួមពិធីនាឱកាសនោះ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គ.ក មី១កេស ត្រីខ១យួរ ម៉ាស ១ប្រអប់ និងថវិកាចំនួន ១០០,០០០រៀល (មួយរយពាន់រៀល)៕

អត្ថបទដែលជាប់ទាក់ទង