គ.ជ.ប អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិចំនួន៣,២៣៤នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលជាផ្លូវការ អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ ចំនួន ៣ ២៣៤នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប៉ុន្តែទោះជាយ៉ាងនេះក្តី គ.ជ.ប ក៏កំពុងពិនិត្យលើឈ្មោះអ្នកសង្កេតការណ៍ចំនួន ១៩៥នាក់ថែមទៀតផងដែរ ។
បើតាម គ.ជ.ប បានឱ្យដឹងថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយក ពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh/khmer/content/4928 និងត្រូវដាក់ពាក្យនៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ពីម៉ោង ៧:០០នាទី ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០នាទី ដល់ ១៧:៣០នាទី។
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិដែលបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ដែលបានអនុម័តដោយ គ.ជ.ប៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ៖