មន្រ្តីស៊ើបអង្កេត ក.ប.ប រឹបអូសអាល់កុលក្លែងក្លាយចំនួន ចំនួន ៣៧៥ ប៊ីដុង ត្រឹមតែរយៈពេល២ថ្ងៃ
ភ្នំពេញ៖ ក្នុងរយៈរយៈពេល២ថ្ងៃ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប រឹបអូសអាល់កុលក្លែងក្លាយបានចំនួន ៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ ដើម្បីធានាបាននូវការការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថាទីតាំងនេះមានស្តុកទុកដើម្បីចែកចាយ លក់ អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក មន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្រ្តីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងសង្កាត់ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក ទំនិញមួយកន្លែងស្ថិតនៅក្នងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ។
លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃនេះ មន្រ្តីជំនាញ បានរកឃើញ និងរឹបអូលអាល់កុលក្លែងក្លាយចំនួន ១៥ ៩៦០លីត្រ ដើម្បីអនុវត្តនីតិវិធីបន្ត។ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ក្រុមការងារនៃអគ្គនាយកដ្ឋានកំពុងបន្តការស្រាវជ្រាវ ដើម្បីស្វែងរកប្រភពនាំចូលនៃផលិតផលអាល់កុលក្លែងក្លាយទាំងនេះ ។ ឯកឧត្តមបន្ថែមថា អំឡុងពេលមានតម្រូវការអាល់កុលកើនឡើងខ្ពស់ ការចរាចរអាល់កុលក្លែងក្លាយ ដែលមានលាយជាមួយសារធាតុ គីមីមេតាណុលលាយនឹងទឹកក៏មានការកើនឡើង។ សារធាតុមេតាណុល គឺជាសារធាតុពុល ហើយការប្រើប្រាស់មេតាណុល ធ្វើជា សារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពសម្លាប់មេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ដូចជា បណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ។ល។
ឯកឧត្តមបន្តថា លើសពីនេះ វាក៏អាចបណ្តាល ឱ្យស្លាប់បាន ប្រសិនបើយកទៅលាយជាមួយស្រា សម្រាប់បរិភោគលើសកម្រិតដែលហាមឃាត់។ ដោយហេតុនេះ ឯកឧត្តមបាន អំពាវនាវឱ្យអាជីវករ ទាំងអ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូល ផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម លក់ដូរ ប្រកបដោយការទទួលខុសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ខ្ពស់ជាងការចំណេញលុយ៕ អរគុណសន្តិភាព