រថយន្តស៊ីទែនមូមប្រេងដាក់រថយន្តតូច ថយក្រោយមិនប្រយ័ត្នកិនធុងហ្កាស បែកផ្កាភ្លើងបណ្តាលឲ្យរថយន្តឆេះខ្ទេចអស់២គ្រឿង និងរបួសមនុស្សធ្ងន់ម្នាក់
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋធ្វើដំណើរនតាមផ្លូវជាតិលេខ៥ និងប្រជាពលរដ្ឋរស់នៅជិតផ្សារអូរអំបិល រត់ជាន់ជើងគ្នា ដោយមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះតែមានរថយន្តស៊ីទែន និងរថយន្តតូច ឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងខ្លាចរាលដាលដល់ហ្គារ៉ាសបន្តទៀត កាលពីវេលាម៉ោង ៧.៣០នាទីព្រឹក ថ្ងៃ២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងលិចផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ម្ចាស់ហ្គារ៉ាសមានឈ្មោះ ជាលី ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ លឹម ប៊ុនលី អាយុ៦៣ឆ្នាំ មុខរបរ បើកហ្គារ៉ាសសាំង រស់នៅក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុម្ចាស់ហ្គារ៉ាសឈ្មោះ ជាលី បានបូមប្រេងចេញពីរថយន្តសីុទែន ដាក់ចូលរថយន្តតូច ក្រោយពីបូមហើយ ក៏ឡើងបើករថយន្តថយក្រោយ ចៃដនមិនបានមើលថា មានធុងហ្កាសនៅក្រោយរថយន្តក៏បើកជាន់បណ្តាលឲ្យបែកផ្កាភ្លើងចេញពីធុងហ្កាសឆាបឆេះយ៉ាងសន្ធោរសន្ធោរតែម្តង ក្រោយមកបានឆេះរថយន្តទាំង២។
ឯកឧត្តម អ៊ំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថាមួយសន្ទុះក្រោយមក គេឃើញវត្តមានលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងកូនចៅក្រោមឱវ៉ាទជិត ១០០នាក់ ក្នុងនោះមានរថយន្តពន្លត់អគ្គីសភ័យ របស់ស្នងការខេត្ត ជួយពន្លត់បាញ់ទឹក យ៉ាងសរស្រាក់សស្រាក់ កន្លះម៉ោងក្រោយមកភ្លើងដែលឆេះរថយន្តទាំង២គ្រឿងនោះបានរលត់ជាស្ថាពរ។
ក្នុងនោះជំនាញបានធ្វើការវាយតំលៃ ក្នុងការខូចខាតរួមមាន រថយន្តតូច និងរថយន្តសុីទែនឆេះខ្ទេចអស់ អ្នកបើករថយន្តជាម្ចាស់ការ៉ាសឈ្មោះ ជាលី របួសធ្ងន់ និងទ្រព្យសម្បត្តិគួបផ្សំមួយចំនួន គិតជាទឹកប្រាក់មិនអស់ប៉ុន្មាននោះទេ អ្នកជំនាញបានបានឲ្យដឹងបន្តទៀត ថាការឆេះនេះដោយសារតែរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យមានការឆាបឆេះដល់ផ្ទះអ្នកជិតខាង ពិសេសមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡេីយ៕ អរគុណសន្តិភាព