រដ្ឋបាលខេត្តកំពត ចេញសេចក្ដីបំភ្លឺព័ត៌មានដល់សាធារណជនអ្នកសារពត៌មាន និងពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook
ខេត្តកំពត៖ សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពតរដ្ឋបាលខេត្តកំពត មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជនអ្នកសារពត៌មាន និងពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តកំពតពិនិត្យឃើញថា នៅតាមបណ្ដាសង្គម មានជនអគតិ ខិលខូចបានបង្កើតអាខោន ករណី Facebook ដោយយកឈ្មោះ និងរូបថតឯកឧត្តម ម៉ៅ ធនិន្ធ អភិបាល នៃគណៈអភិបាលខេត្តកំពត ធ្វើរការផ្សព្វផ្សាយ បង្ហោះរូបភាព កែឆ្នៃខ្លឹមសារព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ របស់ឯកឧត្តមអភិបាលខេត្ត។
រដ្ឋបាលខេត្តកំពត សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មាន និងការប្រឌិតព័ត៌មាន ដោយយករូបថតឯកឧត្តមអភិបាលខេត្ត ដែលកំពុងមានការគោរព ស្រឡាញ់ ពេញចិត្ត ពីចំណាកបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅជាខ្លាំង ដូច្នេះសូមស្នើដល់អង្គភាពជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខជនល្មើសរួមទាំងបក្ខពួកនិងមេខ្លោងយកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីជៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់។