កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល បង្ហូរទឹកចេញពីភូមិចំនួន៣នៅសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ
ភ្នំពេញ៖ អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា អនុវត្តតាមការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ផ្លូវបេតុងវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។ មន្ត្រីបន្តថា៖ តំបន់លិចទឹកនេះ មានចំនួន ៣ភូមិ គឺភូមិខ្វឹត ភូមិពោធ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនចំនួន ៥៤៨គ្រួសារ ដែលហ៊ុំព័ទ្ឋជុំវិញដោយស្ទឹងព្រែកត្នោត និងទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់ស្រកអស់ចុងក្រោយ៕