លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ប៉ើងផ្ទះ

ខេត្តស្វាយរៀង៖ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បណ្ដាលខូចខាតផ្ទះចំនួន ៥ ខ្នង ក្នុងនោះខូចខាតធ្ងន់ ៤ខ្នង មធ្យម ១ខ្នង ក្នុងស្រុកស្វាយជ្រំ ឃុំស្វាយធំ ៤ខ្នង នៅឃុំស្វាយអង្គ ១ ខ្នង និងបណ្តាលឲ្យរបួសមនុស្សម្នាក់(របួសស្រាល)។

អំណោយចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម ក្រណាត់កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយសម្លរ២ មី ១កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលជ័របត់ ១ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០ ០០០រៀល ។

សម្រាប់គ្រួសារ រងគ្រោះមធ្យមទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០ ០០០រៀល និងបានឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០ ០០០រៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិដែលបានជួយជួសជុលផ្ទះ ថវិកា ១៥០ ០០០រៀល ៕ អរគុណសន្តិភាព




