អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង

ខេត្តកោះកុង៖ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ បានអញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគមួយចំនួន ពីព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ។មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូចៅអធិការ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះក៏ដូចជាជួយ សម្រាលទុក្ខលំបាក របស់ញោមញាតិងាយរងគ្រោះនៅគ្រប់ទីកន្លែងក្នុងកំឡុងពេលមានការរីករាលដាលពីជំងឺកូវីដ១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារបានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់ព្រះតេជគុណ វង្ស វុទ្ធី ក្នុងការយកព្រះទ័យទុកដាក់ ប្រទាន នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះសបញ្ជាក់ ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ជំងឺកូវីដ.១៩ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ទេយ្យទានដែលអនុសាខាបានទទួលមាន៖ អង្ករ០៤បាវ ស្មើ២០០គ.ក ទឹកស៊ីអ៉ីវ ៣យួរ មីម៉ាម៉ា ១៥កេស ត្រីខ ២យួរ មីសួរ ១កញ្ចប់ ស្ករស ៤០កញ្ចប់ តែ ៣០កញ្ចប់ ទឹកដោះគោ ១៥កំប៉ុង ទឹកសណ្តែក ៥ដប ទឹកត្រី ៥ដប ទឹកផ្លែឈើស្រស់ ៥យួរ ប៊ីចេង ៥កញ្ចប់ អំបិល ៣កញ្ចប់ ព្រមទាំងបច្ច័យចំនួន ២០០ ០០០រៀលផងដែរ ៕ អរគុណសន្តិភាព
