Updating ស្ពានអាកាសថ្មើរជើងសន្ធរមុខ សន្ឋរម៉ុក ចេញជារូបរាងហើយ ខណៈក្រុមការងារស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរ
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ឋរម៉ុក ស្ថិតក្នុងខណ្ឌទួលគោកបានឈានដល់ការ ស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរស្ពានហើយ កាលពីយប់ថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែតុលានេះ ខណៈដែលកំណាត់ផ្លូវមួយចំនួននៅក្បែរនឹងការដ្ឋាននេះត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ក៏បានចុះពិនិត្យផ្ទាល់ទៅដល់ទីតាំងការដ្ឋាននៃការស្ទូចគ្រោងដែកស្ពាន ដាក់លើទម្រសរសរស្ពាននេះផងដែរ ដើម្បីជំរុញការងារនេះឲ្យបានលឿននិងសម្រួលទៅដល់ចរាចរណ៍នៅតំបន់នេះ។

ពាក់ព័ន្ធនឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី២៩ យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០យប់ ដល់ម៉ោង ៧និង00ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាន ខណៈដែល ការងារសាងសង់សរសរគ្រឹះស្ពានបានបញ្ចប់ទាំងស្រុង។

ចំពោះការបិទនេះ គឺ ៖
១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។
២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។
៣-យប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank ” ដល់ផ្លូវលេខ២៣៣។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០ កន្លងមកនេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕ អរគុណសន្តិភាព



