ដើម្បីឱ្យកាន់តែជិតស្និទ្ធ កូរ៉េខាងត្បូង និងរុស្សី បានព្រមព្រៀងគ្នាសហការចាប់ផ្តើមសន្ទនាឡើងវិញឱ្យកាន់តែលឿននូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងឧបទ្វីបកូរ៉េ

បរទេស៖ អ្នកការទូតកំពូលរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងរុស្ស៊ីបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធដើម្បីធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធសម្រាប់ការចាប់ផ្តើមឡើងវិញឱ្យបានលឿននូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលជាប់គាំងនៅឧបទ្វីបកូរ៉េ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានឯកភាពគ្នាចំពោះភាពបន្ទាន់នៃបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
លោក Chung Eui-yong បានធ្វើការកត់សម្គាល់ខាងលើនេះបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងមូស្គូ ខណៈដែលទីក្រុងសេអ៊ូលបាននិងកំពុងបង្កើនទំនាក់ទំនងការទូតដើម្បីស្តារឡើងវិញនូវកម្លាំងជំរុញរបស់ខ្លួនក្នុងការបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង និងដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែងនៅលើឧបទ្វីបបានបែកបាក់នេះ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា «ប្រទេសទាំងពីរបានចែករំលែកទស្សនៈគ្នាស្តីពីភាពបន្ទាន់នៃបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានព្រមព្រៀងគ្នាក្នុងការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងសហប្រតិបត្តិការនៅគ្រប់កម្រិតនីមួយៗសម្រាប់ការចាប់ផ្តើមឡើងវិញឱ្យបានលឿននូវដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ»។
លោកបាននិយាយបន្ថែមថា «ការចែករំលែកនូវការយល់ដឹងនូវការគ្រប់គ្រងស្ថេរភាពនៃស្ថានភាពនៅលើឧបទ្វីបកូរ៉េពិតជាមានសារៈសំខាន់ជាងអ្វីទាំងអស់ ដោយប្រទេសនានាបានផ្លាស់ប្តូរយោបល់គ្នាទៅលើមធ្យោបាយផ្សេងៗក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការបន្តកិច្ចសន្ទនាឱ្យបានឆាប់រហ័សជាមួយកូរ៉េខាងជើង»។
លោក Lavrov បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ «ដំណោះស្រាយការទូត» ចំពោះបញ្ហានានាទាក់ទងនឹងឧបទ្វីបកូរ៉េ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាភាសារុស្ស៊ី ហើយត្រូវបានបកប្រែជាភាសាអង់គ្លេសថា «យើងជឿជាក់ថា ដំណោះស្រាយការទូតគួរតែអាចធ្វើទៅបាន ហើយការពិភាក្សាគួរតែត្រូវបានបន្តដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
លោកបាននិយាយបន្ថែមថា «យើងគួរតែយល់ថា ការស្វែងរកដំណោះស្រាយដ៏ទូលំទូលាយសម្រាប់រយៈពេលវែង គួរតែផ្តោតទៅលើបញ្ហាទាំងមូលនៅឧបទ្វីបកូរ៉េ ហើយយើងត្រូវតែធានាថា គ្មានកត្តាណាមួយមកអន្តរាគមន៍ (ដើម្បី) បង្កើនភាពតានតឹងនោះទេ»៕ (ប្រភព Yonhab) by AKP
អត្ថបទដែលជាប់ទាក់ទង