Detail Top Banner

ជនសង័្សយដែលបន្លំខ្លួនជាសន្តិសុខលួចយករថយន្តរបស់ជនរងគ្រោះពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលតាមក្របួចបានរហូតដល់ ស្រុកគីរីវង់

ខេត្តតាកែវ៖ កាលពីថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័​ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០​២១ វេលាម៉ោង ២១និង២២ នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំឌិនតារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍​ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយ​មានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង រួមទាំងបានការសម្រប​សម្រួល​លើនីតិវិធីពី ឯកឧត្ដម ជីវ ចន្ទតារ៉ា ព្រះរា​ជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ​យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបា​ត់​ដំបង​ ដែលមានលោកវរសេនីយ៍ឯក ពេជ្រ​ សា​រ៉ែន​ ជាអធិការ​ សហការជាមួយ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាល​ខេត្តតាកែវ ដែល​មានកម្លាំងការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុង ញីវ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សា​រ៉ាត់ ប្រតិបត្តិការបង្ក្រាបករណីលួចយករថយ​ន្ត ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួ​នម្នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេ​ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយរថយន្តរបស់​ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។
សូមជម្រាបជូនថា មូលហេតុឈានដល់ការឃាត់​និងនាំខ្លួនមុខសញ្ញាជាជនសង័្សយខាងលើនេះគឺកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិត​នៅក្នុងក្រុមទី២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើ​សកម្មភាព និយាយកុហកទៅជន​រ​ងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អា​យុ៤៣ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឱ្យជនរងគ្រោះប្រគល់កូនសោររថយន្តឱ្យខ្លួន បើកយកទៅទុកនៅកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ នៅក្នុងខណៈ​ដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់គាត់មកកាន់មន្ទីរពេទ្យនេះ។
នៅពេលដែលជនរងគ្រោះប្រគល់កូនសោររថ​យន្តឱ្យហើយ ជនសង្ស័យក៏បានបើករថយន្តនេះចេញទៅបាត់រហូត ហើយពេលបន្ទាប់មក ក៏មាន​ករណីឆោឡោអំពីសកម្មភាពរបស់ជនសង័្សយខាងលើ បន្លំខ្លួនជាសន្តិសុខមន្ទីរពេទ្យ​ ដោយលួចយករថយន្តរបស់អតិថិជនដែលមកពិគ្រោះជម្ងឺនៅមន្ទីរពេទ្យ ដែលតាមរយៈការឆោរឡោ​នេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗចូល​មកសមត្ថកិច្ចនគរបាល ផែនការងារនគរបាល​​ព្រហ្មទណ្ឌ ដើម្បីស្វែងរកជនសង័្សយខាងលើ ។
រថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។
នៅក្រោយពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល​បានធ្វើសកម្មភាពស្រាវជ្រាវស្វែងរកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០​២១ ទើបសមត្ថកិច្ច ស្វែង​រកឃើញនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ឯខេត្តតាកែវ និងដកហូតបានរថយន្តម៉ាក Lexus RX330 ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 (ជារថយន្តរបស់ជនរងគ្រោះ)នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជន​សង័្សយកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំឌិនតារា ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ ការបន្តតាមនីតិវិធី រីឯរថយន្តត្រូវប្រគល់ជូនជន​រ​ងគ្រោះវិញ៕ ប្រភពស្នងការខេត្ត
អត្ថបទដែលជាប់ទាក់ទង