លេខរៀងទី ១០លាន គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម
ភ្នំពេញ៖ មុននេះមួយម៉ោង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរថា “នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។
នេះជាជោគជ័យធំធេងណាស់ នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។
ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង ១០០% នៃចំនួនគ្រោងដំបូងក៍ដោយ ក៍យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើង ចំនួនជាង ១០លាននាក់បានចាក់វ៉ាក់សាំងយើងក៍បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំ បានចំនួន ១.៧៨៨.៨០២នាក់ ដែលស្មើនឹង ៩៧.៨៩% និងកុមារអាយុពី៦ដល់១២ឆ្នាំ បានចំនួន ១.៩២០.៥៩៩នាក់ គឺស្មើនឹង ១០១.២២%។
គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើំង បានចំនួន ១៣.៧០៩.៤៨៧នាក់ ស្មើនឹង ៨៥.៦៨% នៃប្រជាជនសរុប ១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺ ត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។
វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ថ្ងៃស្អែក ១វិច្ឆិកា២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង ៣០មុឺននាក់បន្តទៀត។
ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសវិធានការ ៣ការពារ និង ៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូស រហូតមុជវ៉ាក់សាំង ក៍មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ការពារ និង ៣កុំ ។
លេខរៀងទី ១០លាន គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។
លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕” អរគុណសន្តិភាព