សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ផងដែរ ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់ ៖
ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង
ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ
ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និង
ទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ-១៩ ។
នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះតម្រូវការចាក់វ៉ាក់សំាង កូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ ។ សម្ដេចតេជោ បានបន្ដថា ធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឲ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោបានប្រកាសដល់ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ សម្តេចតេជោបញ្ជាក់ថា អ្នកធ្វើធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ អាចធ្វើទៅបានដោយមិនចាំបាច់សុំច្បាប់សម្តេចនោះទេ ហើយអ្នកធុរកិច្ចតម្រូវឲ្យធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ គិតទាំងអ្នកធុរកិច្ចទាំងក្នុងស្រុក និងមកពីក្រៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងសិក្សាលទ្ធភាព ក្នុងការចាក់វ៉ាកសាំងដល់កុមារក្រោមអាយុ៥ឆ្នាំ ដែលសិក្សានៅថ្នាក់មតេយ្យ ។ ក្នុងនោះ សម្តេចតេជោបានថ្លែងថា ក្នុងករណីចាក់វ៉ាក់សាំងដូសទី៤ ម្ចាស់ក្រុមហ៊ុនក៏អាចជ្រើសរើសទិញវ៉ាក់សាំងណាក៏បានសម្រាប់ចាក់ឱ្យបុគ្គលិកខ្លួន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ និងប្រកាសបើកប្រទេសឡើងវិញចាប់ពីពេលនេះតទៅ៕