លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៦វត្ត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តចំនួន៦ នៅខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់តាមរយៈលោកស្រី ទូច សារុំ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា អមដំណើរដោយលោក ហុង ឡុង នាយកខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត លោក តុង វណ្ណៈ នាយករង និងក្រុមការងារបាននាំយកទេយ្យទាន និងបច្ឆ័យប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន៦នៅជាយរាជធានីភ្នំពេញ ដែលបានរងគ្រោះដោយសារទឹកជំនន់កន្លងមកថ្មីៗនេះ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី ទូច សារុំ បានថ្លែងនៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១ថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងសង្កេតឃើញថា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់រដ្ឋាភិបាល ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទើបបានបញ្ជប់ទៅកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យចំនួនអត្រាឆ្លងប្រចាំថ្ងៃបានថយចុះជាលំដាប់ ស្របពេលដែលប្រជាពលរដ្ឋជាង ១៣លាន៦សែននាក់ បានទទួលការចាក់វ៉ាក់សាំងផងដែរ ។

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ដើម្បីចូលរួមនូវការកាត់ផ្តាច់នូវការចម្លងជំងឺកូវដ ១៩ តែម្ដងដើម្បីអោយអ្វីប្រសើរដូចដើមវិញ។

សូមបញ្ចាក់ថា អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតដែលបានប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន6វត្តជាយក្រុងភ្នំពេញនោះគឺវត្តព្រែកជ្រៃ វត្តហារាម វត្តចំការខ្សាច់ វត្តកំពុងក្តុល វត្តសាក់សំពៅ និងវត្តទឹកថ្លា ស្ថិននៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១៕ អរគុណសន្តិភាព



