ប្រជាពលរដ្ឋច្រើនលើសលប់ចង់ឱ្យមានការដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៦២ភាគរយនៃតម្លៃលក់រាយ ច្រើនជាង២ដងនៃអត្រាពន្ធបច្ចុប្បន្ន

ភ្នំពេញ៖ ប្រជាពលរដ្ឋច្រើនលើសលប់ចង់ឱ្យមានការដំឡើងអត្រាពន្ធលើផលិត​ផលថ្នាំជក់រហូត​​ដល់​​៦២​​​ភាគរយ នៃតម្លៃលក់រាយ ច្រើនជាង២ដងនៃអត្រាពន្ធបច្ចុប្បន្ន ដើម្បីកាត់បន្ថយអ្នក​​ប្រើប្រាស់ឱ្យ​​មកនៅ​កម្រិតទាប។
យោងតាមគោលនយោបាយសង្ខេប ដែលស្រាវជ្រាវ និងបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ​​ជាតិ​​មាន​ជ័យ សម្រាប់ឆ្នាំ២០២១ បានឱ្យដឹងថា ប្រជាពលរដ្ឋច្រើនលើសលប់ រហូតដល់៩៤ភាគរយ គាំទ្រឱ្យមានការដំឡើងពន្ធបន្ថែមលើអត្រាពន្ធបច្ចុប្បន្ន ដើម្បីជាយន្តការ ឆ្លើយតបទៅនឹងការកាត់​​បន្ថយអត្រាអ្នករងគ្រោះ​ក៏ដូចជាការបង្កើនចំណូលរដ្ឋ ពួកគេចង់ឱ្យដំឡើងរហូតដល់៦២ភាគរយ នៃតម្លៃលក់រាយ ច្រើនជាងពីរដងនៃអត្រាពន្ធនាពេលបច្ចុប្បន្ន ។
ការដំឡើងពន្ធបារីជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារីមានការផ្លាស់ប្ដូរ នូវការសម្រេចចិត្តឈប់ជក់​​ឬក៏កាត់បន្ថយការជក់បារី។ តាមរយៈការអង្កេតបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជក់បារី នឹង​​ធ្វើការ សម្រេច​ចិត្តឈប់ជក់ក្នុងករណីដែលបារីឡើងថ្លៃរហូតទៅដល់បួនដងធៀបទៅនឹងតម្លៃ ដែលបាន​​ទិញចុងក្រោយ ៣០០០រៀល នៅក្នុងមួយកញ្ចប់។ លទ្ធផលនៃការអង្កេតនេះ វាស្របទៅនឹងលទ្ធផល​នៃការសិក្សាមួយ ដែលបានបង្ហាញអត្រាអ្នកជក់បារី បានធ្លាក់ចុះ ជាង២ភាគរយនៅពេលដែល​​តម្លៃបារី​មានការកើនឡើង​ពីរដង។ បន្ថែមពីនេះទៀត បានកាត់បន្ថយអត្រាអ្នកស្លាប់មុនអាយុ ប្រហែល ៣០ភាគ​រយ រីឯចំណូលពន្ធសរុបបានកើនឡើងរហូតទៅដល់បីដងផងដែរ។
ការហូតពន្ធលើផលិតផលថ្នាំជក់របស់កម្ពុជាមានកម្រិតទាបជាងគេក្នុងតំបន់អាស៊ាន ហើយជាកាតព្វ​​កិច្ចរបស់កម្ពុជា ដែលជារដ្ឋភាគីនៃ អនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ក៏ដូចជាភស្តុតាងនានា ស្ដីអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ទៅលើសុខភាពនិងសេដ្ឋកិច្ច ។ ដូច្នេះកម្ពុជាគួរតែពិចារណា​​ដំឡើង​ពន្ធលើផលិត​ផលថ្នាំជក់ឱ្យសមស្រប ដើម្បីជាយន្តការឈានទៅកាត់បន្ថយអត្រាអ្នករងគ្រោះ ដោយសារតែផលិតផលថ្នាំជក់ក៏ដូចជាការខាតបង់សេដ្ឋកិច្ចផ្សេងៗហើយក៏ជាការឆ្លើយតប ទៅនឹង​​គោល​​ការណ៍ណែនាំ នៃអនុសញ្ញា​ស្រោបដោយថ្នាំជក់ ដែលតម្រូវឱ្យកម្ពុជាធ្វើការដំឡើង​​ពន្ធផលិតផលថ្នាំជក់យ៉ាងទាបបំផុត ៧០ភាគ​រយ ។
នៅកម្ពុជាមនុស្ស១៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ​ជក់ ហើយបញ្ហានេះ បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិប្រមាណ២.៧១ទ្រី​​លានរៀលនៅក្នុងមួយឆ្នាំ ស្មើនឹង៣ភាគរយនៃជី.ឌី.ភី។ កម្ពុជាស្ថិតនៅក្នុងបណ្ដាប្រទេសមានអត្រាពន្ធទាបលើផលិតផលថ្នាំជក់ បើប្រៀបធៀបទៅនឹងប្រទេស​​ក្នុងតំបន់អាស៊ាន។ បច្ចុប្បន្នពន្ធលើផលិតផលថ្នាំជក់កម្ពុជាគឺមានត្រឹមតែ២៥ និង៣០ភាគរយ នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និងនាំចូលតាមលំដាប់។
លើសពីនេះទៀតក្នុងនាមជារដ្ឋភាគីអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់នៃអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបង្កើនពន្ធលើផលិតផលថ្នាំជក់យ៉ាងហោចណាស់៧០ភាគរយនៃតម្លៃលក់រាយ ដើម្បីឆ្លើយតបទៅនឹងអត្រាដែល បានណែនាំនេះ ដើម្បីឆ្លើយតបតាមអត្រាដែលបានណែនាំ​​ដោយអង្គការសុខភាពពិភពលោកនិងធនាគារពិភពលោក ៕
អត្ថបទដែលជាប់ទាក់ទង