(COP26) បណ្តាមេដឹកនាំពិភពលោកជាង ១០០នាក់ សន្យាថានឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០
បរទេស៖ សន្និសីទភាគីស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ (COP26) គឺជាសន្និសីទយ៉ាងទូលំទូលាយមួយនៃការខិតខំប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិក្នុងការដោះស្រាយជាមួយនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ។ នៅមុនព្រឹត្តិការណ៍នេះ អង្គការបរិស្ថានធំៗបានជំរុញឱ្យប្រទេសនានាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយបានកត់សម្គាល់ថា ការខកខានមិនបានអនុវត្តនេះនឹងនាំឱ្យមានផលវិបាកជាបន្តបន្ទាប់។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានរាយការណ៍ថា បណ្តាមេដឹកនាំពិភពលោកជាង ១០០នាក់នឹងសន្យាថា នឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ក្នុងអំឡុងពេលនៃសន្និសីទភាគីស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow ។
ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនោះរួមមានប្រទេសសំខាន់ៗដូចជា ប្រទេសប្រេស៊ីល កាណាដា ចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌូណេស៊ី រុស្ស៊ី និងសហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេងដូងធំជាងគេនៅលើពិភពលោក ខណៈដែលប្រទេសប្រេស៊ីលជាប្រទេសដែលមានព្រៃទឹកភ្លៀងធំជាងគេ។ ព្រៃឈើធម្មជាតិដ៏ធំរបស់រុស្ស៊ីចាប់យកឧស្ម័នកាបូនឌីអុកស៊ីតបាន ១,៧ប៊ីលានតោនក្នុងមួយឆ្នាំ (តួលេខដែលផ្តល់ឱ្យដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការវិភាគប្រព័ន្ធអនុវត្ត)៕ (ប្រភព Sputnik) by AKP