ក្មេងប្រុស គង់ សីហា បានទទួលថវិកាចំនួន ២០លានរៀល និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ
សៀមរាប ៖ ក្មេងប្រុស ឈ្មោះ គង់ សីហា ដែលមកសាលាដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដោយប្រើថង់ប្លាស្ទិកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល និងផ្ទះមួយខ្នងដល់ក្រុមគ្រួសាររបស់គាត់ តាមរយៈ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
ឯកឧត្តម ទៀ សីហា ថ្លែងថា ក្រៅពីថវិកា សម្តេចតេជោ ក៏បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ ។ លើសពីនោះ ជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសប្បុរសជននានា ឯកឧត្តមទៀ សីហា ក៏បានជម្រុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជួយស្វះស្វែងរកមុខរបរណាមួយសម្រាប់ឪពុកម្តាយរបស់កុមារា គង់ សីហា ដើម្បីបានចិញ្ចឹមជីវិត និងបានផ្គត់ផ្គង់កូនឲ្យរៀនបន្តទៀត ។
កុមារា គង់ សីហា អាយុ ៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយដែលសុទ្ធសឹងមិនចេះអក្សរ ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕អរគុណសន្តិភាពAMS