សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីនាំយកត្រៃ និងបច្ច័យនៃអង្គកឋិនទាន ថ្វាយប្រគេន-ប្រគេន សម្តេចព្រះសង្ឃ-ព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី នាំយកត្រៃធំ និងបច្ច័យចំនួន ១០លានរៀល របស់កាកបាទក្រហមកម្ពុជា ថ្វាយប្រគេន-ប្រគេន សម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។

ក្នុងឱកាសនៃពិធីបុណ្យកឋិនទាន នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ ក៏មានវត្តមានរបស់ពុទ្ធសាសនូបត្ថម្ភក៍ និងពុទ្ធបរិស័ទ អញ្ជេីញនាំយកត្រៃ-បច្ច័យប្រគេនព្រះសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ។

គួររំលឹកថា កឋិនទាន គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ ថ្ងៃ១៥កើត ខែកត្តិក។

ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាតឡើយ៕ អរគុណសន្តិភាព









