ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាថា “កំណើនផលិតភាពជាមធ្យោបាយសម្រាប់ការដំឡើងប្រាក់ឈ្នួលឱ្យកម្មករនិយោជិត និងការទ្រទ្រង់កំណើនសេដ្ឋកិច្ច”

ភ្នំពេញ៖ កំណើនផលិតភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបានផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស កំណើនផលិតភាពក៏ជាមធ្យោបាយសម្រាប់សេដ្ឋកិច្ចជាតិមួយ ក្នុងការដំឡើងប្រាក់ឈ្នួលឱ្យប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ-១៩» នៃពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានអ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ ប្រមាណជាង ៤០០នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom និងអ្នកទស្សនាការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុករាប់រយនាក់ផងដែរ សិក្ខាសាលានេះត្រូវបានចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗពីសំណាក់វាគ្មិនល្បីៗទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន គូសបញ្ជាក់ថា សិក្ខាសាលាស្តីពី «ការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ» គឺជាការរៀបចំប្រកបដោយគោលដៅ និងក្តីរំពឹងជាក់លាក់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង រួមគ្នាដោះស្រាយបញ្ហាចំពោះមុខ ជំរុញស្មារតីនិងកែប្រែផ្នត់គំនិត ស្រូបយកបច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីអនុវត្តដោយជោគជ័យ ត្រៀមទប់ទល់និងសម្របខ្លួនទៅនឹងកត្តាហានិភ័យដែលបន្តអូសបន្លាយ ជ្រើសរើសនូវវិធីសាស្ត្រថ្មីដែលអាចប្រតិបត្តិស្របតាមបរិបទនៃគន្លងការងារថ្មី រួមគ្នាថែរក្សានិងជំរុញកំណើនផលិតភាពដែលជាឆ្អឹងខ្នងក្នុងការទ្រងទ្រង់ខ្សែច្រវ៉ាក់ផលិតកម្ម និងកំណើនសេដ្ឋកិច្ចទាំងក្នុងអំឡុងពេល និងក្រោយពេលកូវីដ។

កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿនលឿន និងជំរុញជីវភាពកាន់តែល្អប្រសើរដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍន៍ ព្រមទាំងរៀនហើយរៀនទៀតនិងរៀនពីគ្នាទៅវិញទៅមក និងការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល។

ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស-និស្សិត ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធាន ដូចជាធនធានផលិតកម្មដទៃទៀត ទៅជាការចាត់ទុកថាជា “មូលធន” ដែលត្រូវការចាំបាច់ក្នុងការធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញឱ្យមានសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថាសម្រាប់កម្ពុជា ដំណើរការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗនៃបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្កើតចេញជាបញ្ហាប្រឈមថ្មី តាមរយៈការផ្លាស់ប្តូរចរិតលក្ខណៈនៃដំណើរការធុរកិច្ច របៀបរបបរស់នៅ ការរៀបចំនិងការប្រព្រឹត្តិទៅនៃការធ្វើការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ ដែលជាការបង្អាក់រំខានដល់អ្វីដែលយើងធ្លាប់ចេះដឹងច្បាស់ពីមុន លើសពីនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏កំពុងបង្កបញ្ហាប្រឈម ការប្រែប្រួលនិងហានិភ័យក្នុងទីផ្សារការងារដែលមិនធ្លាប់ជួបប្រទះពីមុន ជាពិសេសប៉ះពាល់ដល់សកម្មភាពអាជីវកម្មឬធុរកិច្ច ប្រាក់ចំណូល ការស្វែងរកការងារ និងកំណើនសេដ្ឋកិច្ចនៃប្រទេសយើង។

ឆ្លងតាមរយៈបទពិសោធន៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ បាននិងកំពុងផ្តល់នូវទស្សនាទានថ្មីមួយទៀតសម្រាប់ទីផ្សារការងារ ដែលតាមរយៈការស្រាវជ្រាវ បានបង្ហាញថា ភាពខុសគ្នារវាងសហគ្រាស គ្រឹះស្ថានដែលអាចបន្តរក្សាផលិតភាព និងសហគ្រាស គ្រឹះស្ថានដែលមិនសូវមានផលិតភាពគឺពាក់ព័ន្ធនឹងការគ្រប់គ្រងលើកត្តា៖ ពេលវេលា ជំនាញឬគុណវុឌ្ឍិ និងកម្លាំងឬថាមពល របស់កម្លាំងពលកម្មទាំងមុនពេល និងអំឡុងពេលជួបប្រឈមនៃជំងឺកូវីដ៕ អរគុណសន្តិភាព