Detail Top Banner

ប្រកាសតែងតាំងឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានគណបក្ស ប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជាផ្លូវការហើយ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ឱកាស ការគាំទ្រនិងជំនឿទុកចិត្តចំពោះរូបលោក តាមរយៈការសម្រេចតែងតាំងជាបន្តបន្ទាប់ ក្នុងរចនាសម្ព័ន្ធដឹកនាំគណបក្សមូលដ្ឋាន ដែលសុទ្ធសឹងតែជាតួនាទីស្នូល ជាពិសេស គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការ​ប្តេជ្ញាចិត្តបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ តាមរយៈការខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីការពារ “សន្តិភាព” និងសមិទ្ធផលទាំងឡាយរបស់ ជាតិ មាតុភូមិ តាមរយៈការចូលរួមអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលបានក្លាយជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោប្រធានគណបក្ស និងប្តេជ្ញាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស សំដៅពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ស្របតាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ” ។

ប្តេជ្ញាបន្តអនុវត្តស្មារតី ៧មករា ដើម្បីពូនជ្រុំកម្លាំងគាំទ្រគណបក្ស ឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ ហើយនៅតែរក្សាបាននូវ “តម្លៃសច្ចធម៌នៅ ក្នុងប្រវត្តិសាស្ត្រ” ដែលគ្មានជនណាម្នាក់ អានុភាពណាមួយ អាចមកបំផ្លាញ ឬ មូលបង្កាច់បានឡើយ។

ប្តេជ្ញាបន្តកៀរគរកម្លាំងយុវជនជំនាន់ក្រោយ ឱ្យចូលមករួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” ដែលធានាបានទាំងគុណភាព និង បរិមាណ តាមរយៈការកសាងអត្តចរិត សីលធម៌ល្អ ថ្លៃថ្នូរ ស្អាតស្អំ និងការបន្តប្រពៃណីដ៏ល្អផូរផង់​របស់គណបក្ស។

ប្តេជ្ញាបន្តបញ្ជ្រាបកម្មវិធីនយោបាយ គោល​ការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរសមាជិក-សមាជិកាគណបក្ស និងយុវជនជំនាន់ក្រោយ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭក ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និងសំដៅកសាងកម្លាំងពិត ដែលហ៊ានការពារផលប្រយោជន៍ គណបក្សនៅគ្រប់កាលៈទេសៈទាំងអស់។

ប្តេជ្ញាបន្តដើរតាមបន្ទាត់នយោបាយរបស់គណបក្ស ដោយឥតងាករេ ជាពិសេសជំរុញការធ្វើកំណែទម្រង់ មុតស្រួច តាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” និងអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីឈានឆ្ពោះ ទៅរក្សាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគ្រប់ការបោះឆ្នោតទាំងអស់ នាពេលខាងមុខ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង