មន្ត្រីហ្វីលីពីននឹងត្រូវផ្តន្ទាទោសចំពោះភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានព្រមានដល់បណ្តាមន្ត្រីក្នុងតំបន់ថា ពួកគេនឹងត្រូវទទួលការផ្តន្ទាទោសប្រសិនបើពួកគេមិនបានសម្រេចតាមគោលដៅនៃការចាក់វ៉ាក់សាំងទេនោះ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលប្រទេសហ្វីលីពីនកំពុងស្វែងរកការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាត​ត្បាតកូវីដ-១៩ មកទល់ពេលនេះបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនបានត្រឹមជាងមួយភាគបីនៃប្រជាជនគោលដៅចំនួន ៧៧លាននាក់ប៉ុណ្ណោះ។
លោក ឌូទើតេ បាននិយាយថា គ្មានហេតុផលណាមួយដែលថាហេតុអ្វីបានជាការចាក់វ៉ាក់សាំងប្រចាំថ្ងៃមិនអាចកើនឡើងឱ្យដល់យ៉ាងហោចណាស់មួយលានដូសពីចំនួនជាមធ្យម ៥០០ ០០០ដូសចាប់តាំងពីប្រទេសនេះមានស្តុកវ៉ាក់សាំងគ្រប់គ្រាន់មកនោះទេ។
រដ្ឋាភិបាលហ្វីលីពីនកំពុងបន្ធូរបន្ថយជាបណ្តើរៗនូវវិធានការរឹតបន្តឹងនានាពាក់ព័ន្ធនឹងវិបត្តិសុខភាពមួយនេះ។
ប្រទេសនេះបានប្រកាសថា ខ្លួននឹងលុបចោលបម្រាមគោចរពេលយប់ដែលបានដាក់ចេញក្នុងតំបន់រដ្ឋធានីរបស់ប្រទេសនេះចាប់ពីថ្ងៃទី៤ ខែវិច្ឆិកាទៅ។ ដើម្បីពន្លឿនការដឹកជញ្ជូនវ៉ាក់សាំង លោក ឌូទើតេ បានបញ្ជាឱ្យកងកម្លាំងប៉ូលីស និងយោធាប្រើប្រាស់យន្តហោះ និងឧទ្ធម្ភាគចក្រដើម្បីបញ្ជូនវ៉ាក់សាំងទៅកាន់មូលដ្ឋាន។
យោងតាមគេហទំព័រ worldometers.info បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ប្រទេស​ហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២,៧៩លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៤៣ ៤០៤នាក់៕ (ប្រភព VNA) by AKP
អត្ថបទដែលជាប់ទាក់ទង