Detail Top Banner

ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ធ្នូ២០២១ នៅខេត្តសៀមរាប

ភ្នំពេញ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីប្រចាំឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគូសបញ្ជាក់ថា «បើទោះបីជាសហព័ន្ធកីឡាជាតិត្រេកអរនឹងការបើកដំណើរការលើគ្រប់វិស័យឡើងវិញបែបនេះ ក៏ការប្រកួតជើងឯកថ្នាក់ជាតិ នាចុងខែធ្នូ ខាងមុខនេះនឹងគោរពទៅតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត»។ លោកបន្ថែមថា អ្វីដែលសំខាន់ក្នុងបរិបទកូវីដ-១៩នេះ សហព័ន្ធនឹងបន្តការអនុវត្តសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួត នាពេលខាងមុខ តាមគន្លងថ្មីនៃវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះសហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេសជាច្រើនវគ្គទៀត។ លោកបន្តថា គោលដៅរួមទាំងនេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
លោក នូ ចំរើន បានបន្ថែមថា សម្រាប់ការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ នាខែធ្នូខាងមុខនេះ សហព័ន្ធនឹងត្រូវឱ្យកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ត្រូវគោរពវិធានការសុខាភិបាល ដូចជាតម្រូវឱ្យពាក់ម៉ាស រក្សាគម្លាត ហើយត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដូសមូលដ្ឋានយ៉ាងតិច២ដង ជូនដល់ក្រុមការងារបច្ចេកទេសរៀបចំ ដើម្បីបង្ការពីជំងឺកូវីដ-១៩នេះ។ សម្រាប់ទីតាំងប្រកួតចេញដំណើរ-ដល់ទី នៅម្តុំព្រះអង្គចេកព្រះអង្គចម ដោយជិះចូលទៅតំបន់អង្គរ នៅពេលព្រឹកសម្រាប់ប្រភេទវិញ្ញាសាកង់គួក ខណៈប្រភេទកីឡាកង់ភ្នំនឹងត្រូវប្រកួត នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី នៃខេត្តសៀមរាបដដែល ដោយនៅតំបន់នោះ គឺជាកន្លែងហ្វឹកហាត់បិទខ្ទប់របស់ក្រុមកីឡាករ កីឡាការិនិជម្រើសជាតិទោចក្រយាន។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ចំពោះការបែងចែកជាពីរទីតាំង សម្រាប់កង់គួក និងកង់ភ្នំ នៅតំបន់ទាំងនេះ គឺការវាស់ស្ទង់នៃគម្រោងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាប នេះអំណោយផលខ្លាំងដល់ការប្រកួតស៊ីហ្គេម ២០២៣ ហើយសហព័ន្ធបានកំណត់គោលដៅខេត្តសៀមរាប នៅជម្រើសទី១ ក្នុងចំណោមខេត្តសក្តានុពលមួយចំនួនទៀត នៃការប្រកួតកង់គួក-កង់ភ្នំ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ៕ by AKP
អត្ថបទដែលជាប់ទាក់ទង