ប្រទេសឥណ្ឌូណេស៊ីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុពី ៦ឆ្នាំដល់ ១១ឆ្នាំ

បរទេស៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីមួយរូបបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងារពារជំងឺកូវីដ-១៩ សម្រាប់កុមារដែលមានអាយុចន្លោះពី ៦ឆ្នាំដល់ ១១ឆ្នាំនៅក្នុងតំបន់ដែលជាគោលដៅរបស់រដ្ឋាភិបាល។
លោក Wiku Adisasmito អ្នកនាំពាក្យនៃក្រុមការងារជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ការចាក់វ៉ាក់សាំងសម្រាប់កុមារនៅក្នុងក្រុមអាយុនេះអាចត្រូវបានអនុវត្តនៅក្នុងតំបន់នានាដែលមានប្រជាជនច្រើនជាង ៧០ភាគរយនៃចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ និង ៦០ភាគរយនៃចំនួនមនុស្សចាស់ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។
លោកក៏បានបញ្ជាក់ផងដែរថា កម្មវិធីចាក់វ៉ាក់សាំងដល់កុមារនេះជាកាតព្វកិច្ចដើម្បីជំរុញការបើកសាលារៀនឡើងវិញឱ្យបានពេញលេញនៅគ្រប់កម្រិតអប់រំ។
កន្លងមក ទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac របស់ប្រទេសចិនជាបន្ទាន់សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១១ឆ្នាំ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយថា ទីភ្នាក់ងារកំពុងធ្វើការសាកល្បងវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Pfizer ទៅលើកុមារដែរ៕ (ប្រភព VNA) by AKP
អត្ថបទដែលជាប់ទាក់ទង