អាស៊ានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសឈីលី
ASean: គណៈប្រតិភូមកពីគណៈកម្មាធិការអាស៊ាននៅទីក្រុង Santiago (ACS) ការិយាល័យពាណិជ្ជកម្មនៃប្រទេសឈីលី (ProChile) និងសភាពាណិជ្ជកម្មឈីលី-អាស៊ាន បានទៅបំពេញទស្សនកិច្ចការងារនៅតំបន់ Nuble ដើម្បីស្វែងរកឱកាសលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងភាគីទាំងពីរ។
ACS រួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។
គណៈប្រតិភូនេះបានជួបពិភាក្សាការងារជាមួយអភិបាលនៃតំបន់ Nuble លោក Oscar Crisomoto និងបានទៅទស្សនាអាជីវកម្មផលិតឈើសម្រាប់សង់ផ្ទះ ក្រដាស និងស្រា ព្រមទាំងទៅទស្សនាសាខាសាកលវិទ្យាល័យ Concepción និងសាកលវិទ្យាល័យ Bío-Bío នៅក្នុងទីក្រុង Chillan ផងដែរ។
អាជ្ញាធរ សហគ្រាស និងអ្នកស្រាវជ្រាវនៅក្នុងមូលដ្ឋាននោះបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដោយបានចាត់ទុកថា វាជាឱកាសដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសឈីលី និងអាស៊ាន ដែលរួមចំណែកដល់ការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យរវាងភាគីទាំងពីរ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសឈីលីនៅក្នុងតំបន់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនលើសពីតម្លៃ ៩៨៨លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០។ ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មរវាងប្លុកនេះ និងប្រទេសឈីលីបានឈានដល់តម្លៃ ២,៧៤ប៊ីលានដុល្លារអាម៉េរិក។
ក្នុងអំឡុងខែមករាដល់ខែកញ្ញា តម្លៃពាណិជ្ជកម្មរវាងអាស៊ាន-ឈីលី បានកើនឡើងដល់ ២,៩៧ប៊ីលានដុល្លារអាម៉េរិក ដោយប្រទេសវៀតណាមនៅបន្តនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសឈីលី ដែលមានទំហំទឹកប្រាក់ ១,១៣ប៊ីលានដុល្លារអាម៉េរិក៕ (ប្រភព VNA) by AKP