សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធតីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ក្រសួង-ស្ថាប័នជាតិ និងអភិបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីអគារការសាងសងទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីទាំងមូលថា អគារទីស្ដីការថ្មី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អគារនេះរចនាបថនៃស្ថាបត្យកម្ម អគារមុខ «កាត់» រចនាឡើងតាមបែប តាមស្ថាបត្យកម្មរួមសម័យ មានស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតែងដោយគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយម។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ដទៀតថា អគារទីស្ដីការនេះ ប្រើប្រាស់រយៈពេល ១៣ខែ សិក្សាគម្រោង និងរចនាដោយកូនខ្មែរ និងចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាង២៨លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣៣.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះ មានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត៕ ដោយ នាយកដ្ឋានព័ត៌មានវិទ្យា


