ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ណែនាំ​ឲ្យ​អ្នកអាពាហ៍ពិពាហ៍​បុណ្យ និង​ពិធី​នានា​ត្រូវ​កាត់បន្ថយពិធី​បែប​បរទេស

ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ណែនាំ​ឲ្យ​អ្នកចូលរួម​ពិធី​អាពាហ៍ពិពាហ៍​បុណ្យ និង​ពិធី​នានា​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​ស្កេ​ន QR Code ហើយ​កាត់​នំ បោះ​ផ្កា និង​ពិធី​បន្ទាប់បន្សំ​ផ្សេង​ៗ គប្បី​ត្រូវ​កាត់​បន្ថយ ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន ​សែន​ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​អនុញ្ញាត​ឲ្យ​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​តែ​មាន​ភ្ញៀវ​ចូលរួម​ចំនួន​ប្រមាណ​២០០​នាក់ មិន​បូក​អ្នក​សេវា​នានា ។
យោង​តាម​លិខិត​របស់ ក្រសួង​វប្បធម៌ នា​ថ្ងៃ​ទី​៨ វិច្ឆិកា បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​បើក​ដំណើរការ សកម្មភាព សង្គម​-​សេដ្ឋកិច្ច ឡើង​វិញ ដោយ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អនុវត្ត​វិធានការ «៣​ការពារ ៣​កុំ​» សំដៅ​បង្ការ​ហានិភ័យ នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្រសួង​វប្បធម៌​សហការ​ជាមួយ​ក្រសួងសុខាភិបាល​រៀបចំ​ឡើង​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOP) ក្នុង​គោលបំណង រក្សា​សុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា ។
ក្រសួង​បាន​បន្ដ​ថា ពេល​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ដើម្បី​រៀបចំ​ពិធី​ណាមួយ ម្ចាស់​ពិធី​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​លិខិតធានា​អះអាង​នូវ​ការ​អនុវត្ត​វិធានការ ការពារ​ការ​រីក​រាលដាល​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ឱ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ ។
ជា​ពិសេស នោះ អ្នកចូលរួម​ពិធី​ត្រូវ​បាន​កំណត់​ចំនួន​ច្រើន​បំផុត​ត្រឹម​២០០​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ម្ចាស់​ពិធី និង​ភ្ញៀវ ។ ចំនួន​កំណត់​ខាងលើ មិន​រាប់​បញ្ចូល​អ្នក​បម្រើសេវា​នៅ​ក្នុង​ពិធី ដូច​ជា ក្រុម​ចុងភៅ ក្រុម​ភ្លេង និង​អ្នកបម្រើ​សេវា​ផ្សេង​ៗ​ទៀត​ឡើយ ។
ក្រសួង​វប្បធម៌​បាន​បញ្ជាក់​ថា «​អ្នកចូលរួម​ក្នុង​ពិធី​ទាំងអស់ ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​ស្កេ​ន QR Code របស់​ក្រសួងសុខាភិបាល ។ ករណី​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដោយសារ​បញ្ហា​សុខភាព ។ ម្ចាស់​ពិធី ឬ​អ្នក​ទទួល​សិទ្ធិ​ពី​ម្ចាស់​ពិធី​ត្រូវ​ទទួលខុសត្រូវ​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​របស់​អ្នកចូលរួម​ទាំងអស់​» ។
មួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ម្ចាស់​ផ្តើម​ពិធី ឪពុក​ម្ដាយ កូនកំលោះ កូនក្រមុំ អ្នក​កំដរ អ្នក​ភ្នូ​ង អាចារ្យ អ្នកផ្លូវ​ចៅ​មហា ចុងភៅ អ្នកបម្រើ​សេវា​ម្ហូបអាហារ​-​ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និង​អ្នក​ដទៃ​ទៀត ដែល​ត្រូវ​នៅ​កៀក​គ្នា ក្នុងអំឡុងពេល​កិច្ច​ពិធី ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​មេរោគ​កូ​វី​ដ​-១៩ នៅ​មុន​ពេល​ចាប់ផ្ដើម​ពិធី ។ ម្ចាស់​ពិធី ឬ​អ្នក​ទទួល​សិទ្ធិ​ពី​ម្ចាស់​ពិធី ត្រូវ​ទទួលខុសត្រូវ​លើ​ការ​អនុវត្ត​ធ្វើតេស្ត​រហ័ស​នេះ​។
ក្រសួង​វប្បធម៌ បាន​បញ្ជាក់​ទៀត​ថា «​ពិធី​បែប​ប្រពៃណី ទំនៀមទម្លាប់ ជំនឿ និង​សាសនា គឺជា​ពិធី​ចាំបាច់​ដែល​ត្រូវ​បាន​លើក​ទឹក​ឲ្យ​ចិត្ត​រៀបចំ ។ ពិធី​បែប​បរទេស ដូច​ជា កាត់​នំ បោះ​ផ្កា ក៏​ដូច​ជា ពិធី​បែប​បរទេស​ដទៃ​ទៀត និង​ពិធី​បន្ទាប់បន្សំ​ផ្សេង​ៗ ដែល​មិន​ចាំបាច់​គប្បី​ត្រូវ​បាន​កាត់​បន្ថយ ។ ត្រូវ​ប្រើប្រាស់​ធនធាន សម្ភារៈ ផលិតផល និង​មធ្យោបាយ ក្នុង​ប្រទេស​ឱ្យ​អស់​លទ្ធភាព ដោយ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ពី​បរទេស​»៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង