រដ្ឋបាលរាជធានី បើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ខណៈដែលក្រុមការងារដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុីទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពី​មហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ក្នុងរយៈពេល ១៤ថ្ងៃ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយ​ដឹងថា ៖ ដើម្បីសម្រួលការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុ​ស្សុីទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវ​សាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។

ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។ ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រ​យានយន្ត។

ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែល​មានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិ​លេខ​៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០​ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។

ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអា​កាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។ គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង