លោក ចូ បៃដិន រងពាក្យបណ្តឹងពីបណ្តារដ្ឋចំនួន ១០ ជុំវិញច្បាប់កាតព្វកិច្ចវ៉ាក់សាំង

វ៉ាស៊ីនតោន៖ អគ្គ​មេ​ធាវីរដ្ឋចំនួន ១០មកពីគណបក្សសាធារណៈរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដើម្បី​​​​អោយ​បញ្ឈប់​តម្រូវ​ការ​​បង្ខំ​បុគ្គលិក​សុខាភិបាល​អាមេរិក​រាប់​​លាន​នាក់ ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដោយ​លើក​ឡើង​ថា វា​នឹងធ្វើអោយ​ខ្វះ​បុគ្គលិក​កាន់​តែ​ច្រើន។

លោក ចូ បៃដិន របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ បានគូសបញ្ជាក់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុនថា លោក​នឹងអោយ​អនុវត្ត​ច្បាប់​ចាក់​វ៉ាក់សាំង​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ។ ពាក្យ​បណ្តឹង​នេះបានលើកឡើង​ថា ច្បាប់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​រំលោភ​លើ​អំណាច​របស់​ប៉ូលិស​រដ្ឋ និង​ខុស​នឹង​​ច្បាប់​និតិវិធី​រដ្ឋបាល ពី​ព្រោះ​មិន​មានពេល​វេលាសម្រាប់​​ការ​បញ្ចេញ​មតិ​​​មុនឡើយ​ ប៉ុន្តែច្បាប់​នោះ​ត្រូវ​បាន​ចេញផ្សាយ​​តែ​ម្តង។ អ្នក​ផ្តល់​សេវា​សុខាភិបាល​ដែល​មិន​បាន​គោរព​តាម​ច្បាប់​នេះ ​អាច​នឹង​បាត់​បង់​សិទ្ធិ​ចូល​ប្រើមូលនិធិ Medicare និង Medicaid។ Medicare គឺ​ជា​សេវា​បម្រើមនុស្ស​​​អាយុ​ ៦៥​ឆ្នាំ​ឡើង និង​ជន​ពិការ ហើយ​​ Medicaid ជា​សេវា​បម្រើ​ជន​ក្រី​ក្រ។

សូមបញ្ជាក់ថា កាល​ពី​​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកាកន្លងទៅ មជ្ឈមណ្ឌលសេវាថែទាំ​សុខភាព​ Medicare និង Medicaid (CMS) ដែល​ជា​និយតករសម្រាប់​កម្មវិធី​សុខភាព​​សហព័ន្ធ​ទាំង​ពីរ​បាន​ចេញ​ច្បាប់​ចុង​ក្រោយ​បណ្តោះ​អាសន្ន​ ដោយ​ច្បាប់​នេះ​បានបញ្ជាក់ថា គ្របដណ្តប់​លើបុគ្គលិក​ពេទ្យ​ជាង​១០​លាន​នាក់ និង​អនុវត្ត​លើ​អ្នក​ផ្តល់​សេវាសុខាភិបាល​ប្រមាណ​៧ម៉ឺន៦ពាន់កន្លែង ​ក្នុង​នោះ​មាន​ទាំង​មន្ទីរ​ពេទ្យ ​ពេទ្យ​បើកតាម​ផ្ទះ និង​​មជ្ឈមណ្ឌល​លាង​ឈាម។ ច្បាប់​ចុង​ក្រោយ​បណ្តោះ​អាសន្ន​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ ​ដោយ​គ្មាន​ទុក​ពេល​វេលា ​ដើម្បី​បញ្ចេញ​មតិ​ស្រប​តាម​​ស្តង់ដារ​ឡើយ​ បន្ទាប់​ពី​បោះ​ពុម្ព​ផ្សាយ៕ ប្រភព៖ CGTN

អត្ថបទដែលជាប់ទាក់ទង