លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ
តាកែវ៖ នារសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដោយតែងតាំងប្រគល់សេចក្ដីសម្រេចនិងត្រាសមាគមនារីជូន លោកស្រី គា សុភូ ជាប្រធានសមាគមនារីខេត្តតាកែវថ្មី តាមរយៈ ប្រព័ន្ធ ZOOM ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើន។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
លោកជំទាវក៏បានបន្តទៀតថា មកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺមានរយៈពេល ៤៣ឆ្នាំហើយ ដែលជា អង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាដែលនាពេលនោះ សមាគមមានឈ្មោះថា «សមាគមនារី សង្គ្រោះជាតិ» ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ៕