ឃាត់ខ្លួនជនជាតិថៃ ៦៧នាក់ បញ្ជូនទៅស្រុកកំណើតវិញ ពាក់ព័ន្ធលួចស្នាក់នៅនិងមកធ្វើការខុសច្បាប់នៅកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ៦៧នាក់ មនុស្សស្រី ២៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនគេបន្តបន្ទាប់ក្នុងអគារស្នាក់នៅ ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១វិញ។

ពិធីបញ្ជូនពលរដ្ឋថៃត្រឡប់ប្រទេស ត្រូវបានធ្វើពិធីប្រគល់ទទួលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប។ ភាគីថៃមានវត្តមានឯកឧត្តមអភិបាលខេត្តស្រះកែវ តំណាងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ឯកឧត្តមអគ្គរងនគរបាលជាតិថៃ និងនគរបាលផ្នែកអន្តោប្រវេសន៍ថៃជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពលរដ្ឋថៃទាំង ៦៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីទីតាំងចំនួន៤កន្លែងគឺ :
១-ផ្ទះសំណាក់ម៉េងហួរ ភូមិសាមគ្គីមានជ័យ
២-អាគារស្នាក់នៅ ១៤០បន្ទប់ក្បែរបុរីសាន្តហូរ
៣-ផ្ទះល្វែងក្បែរបុរីសាន្តហូរ
៤-កាស៊ីណូប៉ូលី។

យោងលិខិតស្ថានទូតថៃលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២១ យោងលិខិតអគ្គស្នងការដ្ឋាននគរបាលជាតិលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ យោងលិខិតអគ្គនាយកដ្ឋានកណ្ដាលសន្តិសុខលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនជាតិថៃទាំង៦៧នាក់ ក្នុងនោះស្រី ២៤នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ពាក់ព័ន្ធពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា៕

