រដ្ឋបាលរាជធានីភ្នំពេញផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្ត
ភ្នំពេញ៖ គណៈអភិបាលរាជធានីភ្នំពេញដឹកនាំដោយឯ.ឧឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ក្រុមប្រឹក្សារាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត វង្គដ្ឋបូរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងវត្តថែមទៀត។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច។
នាឧិកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅៗរបស់សម្តេចបានចាប់មគ្គផលក្នុងអង្គកឋិនទាននេះចំនួន១ម៉ឺនដុល្លាសហរដ្ឋអាមេរិកផងដែរ។
ពិធីបុណ្យនេះប្រព្រឹត្តឡើង ចាប់ពីថ្ងៃសៅរ៏ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៣រសៀលទៅ មានការជួបជុំពុទ្ធបរិសទ្ធ ប្រារព្វពិធីក្រុង ពាលី និងនមស្ការព្រះរតនះត្រៃយ៏ សមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះបរិត និងសម្តែងធម៏ទេសនាក្នុងបរិវេណសាលារាជធានីភ្នំពេញ។នាឧិកាសនោះដែរ គេឃើញមានពុទ្ធបរិសទ្ធ សប្បុរសជន លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីទីជិតឆ្ងាយបានចូលចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីឧទ្ទិសកុសលដល់បុព្វការីជនមានមាតា បិតាជីដូនជីតា ញាតិការ ទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផង និងដើម្បី រួមចំណែកទ្រទ្រង់ការខ្វះខាតរបស់ព្រះសង្ឃ និងលើកកំពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿងតរៀងទៅផងដែរ។
ផ្អែកតាមបរបទថ្មីនៃដំណាក់កាលការរីរាលដាលជំងឺកូវីដ.១៩នៅមិនទាន់សាបរលាបអស់នៅឡើយនោះ ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានណែនាំថាការរៀបចំការជួបជុំពុទ្ធបរិសទ្ធជិតឆ្ងាយត្រូវរក្សាគម្លាតដើម្បីការពារសុវត្ថិភាពជៀសផុតពីការឆ្លងជំងឺកូវីដ.១៩ដែលយើងមិនដឹងថាវានៅកន្លែងណានោះ។ខ្លឹមសារនៃពិធីបុណ្យកឋិនទាន នៅរក្សាដដែលពុំមានការប្រែប្រួល គឺយើងត្រូវធានាថាយើងធ្វើទៅបានទាំងបុណ្យ និងរក្សាសុវត្ថិភាពតាមវិធានរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺ៣ការពារ ៣កុំផងដែរ។
កឋិនទាន គឺជាបុណ្យដែល មានកាលវេលាច្បាស់លាស់មិនមែនចេះតែធ្វើបានគ្រប់ពេលនោះទេក្នុងន័យជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តនិមួយៗ ហើយក្នុង១វត្តអាចដង្ហែរអង្គកឋិនចូលបានតែម្តងប៉ុណ្ណោះក្នុង១រដូវកាលក៏ដូចជួយសម្រួលដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវភ្លៀងទៀតផង៕ អរគុណសន្តិភាព