ទិសយោធភូមិភាគទី៥ ទទួលអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៑ុន រានី ហ៑ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរបាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥។
អញ្ជើញចូលរួមអមដំណើរមាន មេបញ្ជាការរងយោធភូមិភាគទី៥ នាយទាហាន នាយទាហានរង ពលទាហាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុនរដូវរងាមកដល់ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខកងកម្លាំង និងតែងតែជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនគ្រប់កាលៈទេសៈ។
ឯកឧត្តម ឯក សំអូន បានក្រើនរំឭកដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បញ្ហាកូវីដ-១៩ ដោយបន្តពាក់ម៉ាស់ និងធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តអនុវត្ត ៣កុំ ៣ការពារ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះក្នុងសហគមន៍ក៏ដូចជាប្រទេសផងដែរ។
ជំនួសមុខអោយនាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរបាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពរបស់កងទ័ព និងឧបត្ថម្ភទាំងស្មារតី សម្ភារ ថវិកាផ្សេងៗជាបន្តបន្ទាប់ និងគិតគូរចំពោះសុខទុក្ខរបស់យោធិនទាំងអស់គ្រប់កាលៈទេសៈ គ្រប់ពេលវេលា។
ពិធីចែកអាវរងាដល់កងកម្លាំងទាំង៣ប្រភេទ ប្រារព្ធធ្វើនៅ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕ អរគុណសន្តិភាព