អភិបាលរាជធានីស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​​​កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែរ ការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។


ការស្នើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែលលោក អនុញ្ញាតឱ្យលោក ឡុង ណារ៉ូ អគ្គនាយករ​ដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញចូលសំដែងការសួរសមនិងជំរាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺ លោកចង់អោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះឯកឧត្តម ឃួង ស្រេង ស្នើឲ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។


ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាត​ពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឲ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំអោយពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។


ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណជាង ៦០ម៉ឺននាក់ បាននិងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើន មក​ជួលផ្ទះគេស្នាក់នៅ ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។
ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវដើម្បីដាក់បំពង់ទុយោទឹកស្អាត ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យជំនាញពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវធ្វើការ​ជួសជុលឡើងវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់ ។
ក្រោយជំនួបនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានទទួលអំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថមជីវភាពជូនប្រជាពលរដ្ឋនិងវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ បានឧបត្ដមមករដ្ឋបាលរាជ​ធានីភ្នំពេញ នូវអង្ករចំនួន ២០តោន អាកុល ២០កាន និងម៉ាស់ចំនួន ២០ ០០០ម៉ាស់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង