សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី ស្ដីពី «ការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ចូលបទពិសោធន៍នៃការរាត្បាតជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន»

ភ្នំពេរញ៖ នៅរសៀលថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី ស្ដីពី «ការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ចូលបទពិសោធន៍នៃការរាត្បាតជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន» តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះរៀបចំសម្របសម្រួលដោយលោកជំទាវ អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានប្រតិបត្តិការនៃUNESCAP។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចែករំលែកព័ត៌មាន និងបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ និងរួមចំណែកធ្វើឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានអាចស្ដារឡើងវិញបានយ៉ាងឆាប់រហ័ស និងបន្តដំណើរការបានពេញលេញ។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍អំពីការអនុវត្តគំនិតផ្ដួចផ្ដើមមួយចំនួន ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ ២០១៧-២០២៦ ដែលមានគោលបំណងជួយដល់ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។

សម្ដេចក្រឡាហោមបានបន្តថា ទិន្នន័យស្ថិតិអត្រានុកូលដ្ឋានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដែលផលិតចេញពីបញ្ជីអត្រានុកូលដ្ឋាន នឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់គោលដៅ និងមានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងគ្រាអាសន្នឬគ្រោះមហន្តរាយ។

សម្ដេចបន្ថែមថាកម្ពុជាក៏មាននូវកិច្ចសហការ និងការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍នានា តាមរយៈការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការចែករំលែកការអនុវត្តល្អជាអន្តរជាតិផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកគន្លឹះពិចារណាមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានមានភាពធនអាចដំណើរការបានពេញលេញ និងមិនទាន់ពេញលេញក្នុងស្ថានភាពដែលប្រទេសជាតិមានវិបត្តិ ឬស្ថិតក្នុងគ្រាអាសន្នផងដែរ៕ អរគុណសន្តិភាព


