នូវែលសេឡង់បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យអាស៊ាន ស្តីពី តំបន់ឥណ្ឌូប៉ាស៊ីហ្វិក
បរទេស៖ ក្នុងនាមជាដៃគូសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រទេសនូវែលសេឡង់បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការសម្រេចបាននូវសន្តិភាព និងស្ថេរភាពក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta បានធ្វើសេចក្តីថ្លែងការណ៍ខាងលើនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
លោកស្រី Mahuta ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Antara ដែលបាននិយាយថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាតំបន់ដែលបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ជាតំបន់រួមបញ្ចូលមួយ ជាតំបន់មានអធិបតេយ្យភាពដែលត្រូវបានគោរពដោយប្រទេសទាំងអស់ មិនថាជាប្រទេសតូច ឬធំទេ ហើយជាតំបន់ដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងស្ថេរភាព។ ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់នូវែលសេឡង់ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ានក្នុងនាមជាមជ្ឈមណ្ឌលរបស់ខ្លួន រួមជាមួយនឹងតំបន់ដែលផ្អែកទៅលើច្បាប់ ដែលរួមមានទាំងច្បាប់ UNCLOS ផងដែរ»។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យសុខាភិបាល ថាមពល និងសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ដែលរួមមានទាំងស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាននៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេផងដែរ។
ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពួកគេបានបញ្ជាក់អំពីសារៈសំខាន់នៃការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងដោយយុត្តិធម៌សម្រាប់ប្រទេសទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាតនេះ៕ (ប្រភព VNA) by AKP