ទីក្រុងយេរេវ៉ានស្នើឱ្យទីក្រុងមូស្គូការពារអធិបតេយ្យភាពទឹកដី ពីការវាយប្រហារដោយកងកម្លាំងអាស៊ែរបៃហ្សង់
បរទេស៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខអារមេនី លោក Armen Grigoryan បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរអារមេនីកំពុងនិយាយទៅកាន់ទីក្រុងមូស្គូជាមួយនឹងការអំពាវនាវឱ្យការពារអធិបតេយ្យភាពទឹកដីរបស់ប្រទេសនេះពីការវាយប្រហារដោយកងកម្លាំងអាស៊ែរបៃហ្សង់។
លោកបាននិយាយថា «ចាប់តាំងពីមានការវាយប្រហារប្រឆាំងនឹងអធិបតេយ្យភាពទឹកដីរបស់អារមេនីមក ក្រោមសន្ធិសញ្ញាឆ្នាំ១៩៩៧ យើងកំពុងនិយាយទៅកាន់ប្រទេសរុស្ស៊ីជាមួយនឹងការអំពាវនាវឱ្យមានការការពារបូរណភាពទឹកដីនៃប្រទេសអារមេនី។ សំណើជាលាយលក្ខណ៍អក្សរកំពុងត្រូវបានរៀបចំ»។
លោក Grigoryan សង្ឃឹមថា ប្រទេសរុស្ស៊ីនឹងផ្តល់ជំនួយយោធាគ្រប់គ្រាន់ ប្រសិនបើកិច្ចចរចាជាមួយអាស៊ែបៃហ្សង់មិនទទួលបានលទ្ធផល។
សន្ធិសញ្ញាស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក រវាងរុស្ស៊ី និងអារមេនី ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩៧ សម្រាប់រយៈពេលដំបូង ២៥ឆ្នាំ។ ប្រតិបត្តិការរបស់វាត្រូវបានអូសបន្លាយដោយស្វ័យប្រវត្តិក្នុងរយៈពេល ១០ឆ្នាំរហូតដល់ភាគីណាមួយស្នើសុំការបញ្ចប់របស់វា។ ប្រធានាធិបតីទីមួយនៃប្រទេសទាំងពីរ គឺលោក Boris Yeltsin និងលោក Levon Ter-Petrosian បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។
នៅក្នុងខែវិច្ឆិកា ស្ថានភាពនៅតំបន់ណាហ្គោណូ-ការ៉ាបាក និងបណ្តាស្រុកជាប់ព្រំដែននៃតំបន់ Syunik នៃប្រទេសអារមេនីកាន់តែអាក្រក់ទៅៗ។ ប្រទេសទាំងពីរនិយាយថា មានឧប្បត្តិហេតុប្រដាប់អាវុធដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ទីក្រុងយេរេវ៉ាន និងទីក្រុងបាគូ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការទម្លាក់គ្រាប់បែកទៅលើទីតាំងយោធារបស់គ្នាទៅវិញទៅមក។ ភាពតានតឹងបានកើតមានឡើងនៅតាមផ្នែកមួយចំនួននៃផ្លូវអន្តររដ្ឋដែលតភ្ជាប់ប្រទេសអារមេនីជាមួយប្រទេសអ៊ីរ៉ង់ ដែលត្រូវបានកាន់កាប់ដោយទីក្រុងបាគូ ក្រោមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមេដឹកនាំនៃប្រទេសអារមេនី រុស្ស៊ី និងអាស៊ែរបៃហ្សង់។ ប៉ុស្តិ៍ត្រួតពិនិត្យការពារព្រំដែនរបស់រុស្ស៊ីត្រូវបានគេដាក់នៅទីនោះ ដើម្បីធានាដល់ការធ្វើដំណើរដោយសេរីរបស់មនុស្ស និងយានយន្ត៕ (ប្រភព TASS) by AKP