អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សាខាសមាគមនារីខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព អភិវឌ្ឍ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានលើកឡើងបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ គឺមានរយៈកាល ៤៣ឆ្នាំមកហើយដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាពេលនោះសមាគមមានឈ្មោះថា សមាគមនារីសង្គ្រោះជាតិ ក្រោយមកបានប្ដូរឈ្មោះជាបន្តបន្ទាប់និងកែសម្រួលរចនាសម្ព័ន្ធឲ្យមកជាតិ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចាប់តាំងពីថ្ងៃបង្កើតសមាគមនារីរហូតមកដល់បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាពនិងក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានរៀបចំគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលជាពិសេសគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោដែលតែងតែ ទទួលស្គាល់និងចាត់ទុកថាស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។
លោកស្រីរស់សុផានីប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យប្តេជ្ញាចិត្តថា ស្ត្រីមានតួនាទីបំផុសចលនា នារីកម្ពុជាឲ្យទៅជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ជំរុញនាវាកម្ពុជាឆ្ពោះទៅរកនិរន្តរភាពនិងវឌ្ឍនភាព សេដ្ឋកិច្ចនិងសង្គមកិច្ច។ លោកស្រីរស់សុផានីប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបានថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារៈកិច្ចការងារចលនា ស្ត្រី ក្នុងរយៈពេលកន្លងមករបស់លោកជំទាវលោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្រុងស្រុកទូទាំងខេត្តទទួលបានភាពជោគជ័យ ដើម្បីបន្តចូលរួមចំណែកពង្រឹងការងារនិងអនុវត្តទិសដៅរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាខេត្តឲ្យទទួលបានភាពជោគជ័យ ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់គណៈកម្មការសាខា ត្រង់ចំណុចសំខាន់សំខាន់រួមមានសាមគ្គីភាពផ្ទៃក្នុងពង្រឹងរបៀបរបបធ្វើការងារបែងចែកភារៈកិច្ចនឹងមានការទទួលខុសត្រូវជាពិសេសទៀតនោះពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាពឯកភាពអំពីទស្សនៈគោលជំហរនយោបាយសតិអារម្មណ៍ចាប់ ឲ្យបាន កាន់តែរឹងមាំ៕