«រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»

ក្រសួងបរិស្ថាន៖ ប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើម សរុបចំនួន២៣០ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះ ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។

ការងារនេះ អាចសម្រេចបាន ដ៏រាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតនូវមនសិកាស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឲ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករទាំអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្តសកម្មភាពនេះជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព នៅកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណ ដល់អ្នកគាំទ្រ អ្នកឧបត្ថម និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ក្នុងបុព្វហេតុលើកម្ពស់បរិស្ថាន និងធនធានធម្មជាតិ។ កម្មវិធីនេះ ជាការផ្ដល់នូវការអបអរសាទរ ផ្សព្វផ្សាយ និងបំផុសឲ្យមានការចូលរួមកាន់តែច្រើន ដើម្បីប្រែក្លាយកម្ពុជាពោរពេញដោយពលរដ្ឋល្អ និងបរិស្ថានល្អ។

គួរឲ្យដឹងថា ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គល មកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។

នៅឆ្នាំ២០២១ នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០ ដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍៖ (ទី១)និតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រម្មណីយដ្ឋាន ភោជនីដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និង(ទី២)រូបវន្តបុគ្គល៖ ដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត៕ អរគុណសន្តិភាព















