គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៧១គ្រួសារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា ២០គ្រួសារ ស្ត្រីមេម៉ាយ ៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៤៦គ្រួសារ សរុបចំនួន ៧១គ្រួសារ ដែលជ្រើសរេីសមកពីសង្កាត់ចំនួន៧ ក្នុងខណ្ឌ ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ លោកក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទោះជាទទួលបានការចាក់វ៉ាក់សាំងទាំង៣ដូស និងមានការប្រកាសបើកដំណើរការប្រទេសឡើងវិញក៏ពិតមែន ប៉ុន្តែសូមបងប្អូនកុំមានការធ្វេសប្រហែសឲ្យសោះ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយបន្តអនុវត្តវិធានការណ៍ ៣ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ៤កំប៉ុង ស្ករស ០.៥គីឡូក្រាម ទឹកស៉ីអ៉ីវ៤ដប ជែល ១ដប ម៉ាស១០ និងថ្នាំពេទ្យ ១កញ្ចប់ ៕


