ក្រុមតាលីបង់ពឹងផ្អែកទៅលើការគាំទ្ររបស់រុស្ស៊ីនៅក្នុងអង្គការសហប្រជាជាតិ
អន្តរជាតិ៖ លោក Muhammad Suhail Shaheen អ្នកនាំពាក្យក្រុមតាលីបង់ និងជាបេសកជននៃចលនានេះប្រចាំអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមចលនារ៉ាឌីកាល់តាលីបង់ (ក្រុមខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) កំពុងពឹងផ្អែកទៅលើជំនួយរបស់រុស្ស៊ីក្នុងការតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាននៅអង្គការសហប្រជាជាតិ។
លោក Shaheen បានកត់សម្គាល់ថា «យើងបាន និងកំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ ហើយយើងកំពុងរំពឹងថា ពួកគេនឹងគាំទ្រដល់រដ្ឋាភិបាលថ្មីដែលត្រូវបានបង្កើតឡើងនៅក្នុងលទ្ធផលនៃការតស៊ូរបស់យើងសម្រាប់ការរំដោះប្រទេសអាហ្វហ្គានីស្ថាន។ យើងក៏មានការគាំទ្រពីប្រជាជនអាហ្វហ្កានីស្ថានផងដែរ ហើយយើងសង្ឃឹមថានឹងមានទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ផ្អែកលើបញ្ហានេះ យើងរំពឹងថា ប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតនឹងគាំទ្រពួកយើងនៅក្នុងគណៈកម្មាធិការសារតាំងរបស់អង្គការសហប្រជាជាតិ ព្រោះវាល្អសម្រាប់សន្តិភាពនៅអាហ្វហ្គានីស្ថាន និងក្នុងតំបន់»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោក Shaheen បានបង្ហោះនៅលើគណនីបណ្តាញសង្គម Twitter របស់លោកថា ក្រុមចលនាតាលីបង់មានលក្ខខណ្ឌទាំងអស់ដែលជាតម្រូវការសម្រាប់ការកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិរបស់អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថាតម្រូវការផ្លូវច្បាប់នឹងត្រូវបានពិចារណាដោយមិនលំអៀងផ្នែកនយោបាយ»។
នៅក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ មិនមានអ្នកតំណាងណាម្នាក់មកពីប្រទេសអាហ្វហ្គានីស្ថានបានចូលរួមនោះទេ ទាំងលោកឯកអគ្គរដ្ឋទូត Ghulam Isaczai ដែលត្រូវបានតែងតាំងជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសអាហ្វហ្គានីស្ថានប្រចាំអង្គការសហប្រជាជាតិដោយអតីតរដ្ឋាភិបាល ទាំងអ្នកតំណាងក្រុមចលនាតាលីបង់។ កាលពីចុងខែតុលា អ្នកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា មិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបានធ្វើឡើងអំពីលទ្ធភាពនៃការប្រគល់អាសនៈរបស់ប្រទេសអាហ្វហ្គានីស្ថាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅឱ្យអ្នកតំណាងនៃក្រុមចលនារ៉ាឌីកាល់តាលីបង់នោះទេ៕ (ប្រភព TASS) by AKP