លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី«ផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១ -២០២៥»


ខេត្តកំពង់ធំ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី«ផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១ -២០២៥» ព្រមទាំងវត្តមានលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារតូចក្រសួងបរិស្ថាន និងតំណាងអង្គការដៃគូ តំណាងសហគមន៍ជាច្រើនចូលរួម ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា៖ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ត្រូវបាន រៀបចំឡើងដើម្បីដោះស្រាយ និងចូលរួមកាត់បន្ថយគម្លាតយេនឌ័រ និងជួយលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យរបស់ខ្លួន ក៏ដូចជាដើម្បីបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដោយផ្តោតការយកចិត្ត ទុកដាក់ទៅលើការលើកកម្ពស់សមត្ថភាពរបស់ស្ត្រី ការបង្កើនមន្រ្តីរាជការស្ត្រី ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ ពិសេសពង្រឹងការយកចិត្តទុកដាក់ដល់ការរួមចំណែករបស់ស្រ្តី ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ជាមួយបញ្ហាបរិស្ថាន និងការវិវត្តរបស់ប្រទេសនិងពិភពលោក។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការបានគូសបញ្ជាក់ថា នេះជាការរៀបចំផែនការយុទ្ធសាស្រ្តមួយដែលអាចរួមចំណែកឆ្លើយតប និងដោះស្រាយវិបត្តិដោយសារតែជំងឺកូវីត ១៩ និងផែនការនេះ នឹងចូលរួមចំណែកក្នុងការជំរុញឱ្យមានការចូលរួមពីស្ត្រីក្នុងសង្គម ដើម្បីសម្រេចបាននូវគោលនយោបាយសមភាពយេនឌ័ររបស់កម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងថ្មី ហើយដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០១៦-២០៣០ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យ សំខាន់ៗមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ហើយដែលកិច្ចការទាំងអស់នេះទាមទារឱ្យយើងទាំងអស់គ្នាមានភារកិច្ចធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការធ្វើឱ្យស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាពស្រ្តីផ្លាស់ប្តូរជាវិជ្ជមាន។

លោកជំទាវបានលើកទឹកចិត្តឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាមទាំងអស់ចូលរួមពិនិត្យលើសេចក្តីព្រាងផែនការនេះ និងធ្វើឱ្យផែនការយុទ្ធសាស្រ្តនេះក្លាយទៅជាផែនការមួយដែលបានរំលេចនូវការចាប់អារម្មណ៍ និងចំណុចជាអាទិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យផែនការនេះក្លាយជាផែនការរបស់អ្នកពាក់ព័ន្ធទាំងអស់ អាចអនុវត្តបាននិងអាចឆ្ពោះទៅសម្រេចបានតាមគោលដៅ និងគោលបំណងដែលបានរៀបចំ ។

លោកជំទាវ បានបញ្ជាក់ និងសង្ឍឹមយ៉ាងមុតមាំផងដែរថា ក្រោយពីបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់នូវផែនការនេះ ដៃគូអភិវឌ្ឍន៍ទាំងអស់នឹងចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដូចដែលបានចូលរួមក្នុងដំណើរការនៃការរៀបចំផែនការ ដើម្បីឱ្យយើងទាំងអស់គ្នាមានភាពជាម្ចាស់ចូលរួមអនុវត្តលើចំណុចអាទិភាពទាំងឡាយដែលបានកំណត់។

គូសបញ្ជាក់ថា៖សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹងតម្រូវការចាំបាច់ផ្សេងៗ និងធ្វើការត្រួតពិនិត្ជាចុងក្រោយទៅលើយុទ្ធសាស្រ្តអាទិភាព គោលដៅសកម្មភាព និងលទ្ធផលរំពឹងទុករបស់ផែនការយុទ្ធសាស្រ្ត ដើម្បីឱ្យគោលគំនិតនៃផែនការយុទ្ធសាស្រ្តនេះឆ្លើយតប និងអនុវត្តបានលទ្ធផលល្អប្រសើរ៕ អរគុណសន្តិភាព




