អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់បង្កើតកម្មវិធីផ្ដល់អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់កុំឲ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុបាននឹងកំពុងចុះត្រជាក់បណ្តើរៗហើយនោះ។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងពិធីប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោនាព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។
សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួលអំណោយនេះ មានចំនួន ១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី.ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។
អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបាននាំនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោចំនួន ១២០នាក់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកានៅក្នុងសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។ ដូច្នេះ ឯកឧត្តមស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀត ត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។
ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ យើងបានកសាង សមាគមមនុស្សចាស់ បានទាំង ១០៥សង្កាត់ហើយ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះពិនិត្យតាមដាននិង សួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើង ក៏បានបន្សល់ទុក ដោយអោយយើងត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ៕ អរគុណសន្តិភាព