អភិបាលរាជធានី ជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេនិងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែងនិងធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលឯកឧត្តម បានដឹកនាំមន្ត្រីជំនាញសាលារាជធានីនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដា ប្រឡាយមេ ផ្លូវមួយចំនួននិងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ធ្នូ២០២១នេះ។
នៅព្រឹកថ្ងៃទី០២ធ្នូនេះ ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ លោក អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យស្ថាបនា លូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។
គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារ ដាក់លូ ទំហំ១ម៉ែត្រ៥០គុណ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ ៦០%ហើយ។
ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។
បន្ទាប់មកទៀត ឯកឧត្តម ឃួង ស្រេង ក៏បានចុះពិនិត្យ ស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ ។
ពាក់ព័ន្ធនឹងប្រឡាយមេនេះ លោកឃួង ស្រេងបានស្នើអោយ មន្ត្រីជំនាញនៃមន្ទីរជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វាទឹកផងដែរ ប្រឡាយនេះជាគម្រោងនិងធ្វើការស្ដារ អោយបានទទឹងពី ១៥ទៅ ១៦ម៉ែត្រ។
បន្ទាប់ពីនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បាន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញនិងស្ថាបនាអោយបានធំនិងខ្ពស់ជាងមុន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។
ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់អោយបាននៅឆ្នាំក្រោយៗទៀត៕ អរគុណសន្តិភាព