សមយុទ្ធជើងទឹករវាងរុស្ស៊ី-អាស៊ានលើកដំបូងចាប់ផ្ដើមធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី

បរទេស៖ បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអាស៊ានបានប្រាប់សារព័ត៌មាន TASS ថា សមយុទ្ធយោធាជាលើកដំបូងដែលមិនធ្លាប់មានរបស់រុស្ស៊ី និងអាស៊ាន បានធ្វើពិធីបើកនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ។
ពិធីនេះមានការចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោកស្រី Lyudmila Vorobyeva។
លោក Ivanov បាននិយាយថា «សមយុទ្ធទាំងនោះ គឺធ្វើឡើងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់។ យើងកំពុងបើកទំព័រថ្មីមួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង»។
សមយុទ្ធកងទ័ពជើងទឹកររបស់រុស្ស៊ី-អាស៊ាន នៅក្នុងដែនទឹកនៃប្រទេសឥណ្ឌូណេស៊ីនៅក្បែរកោះស៊ូម៉ាត្រាខាងជើង នឹងដំណើរការរហូតដល់ថ្ងៃទី៣ ខែធ្នូ។ នាវាចម្បាំងប្រឆាំងនាវាមុជទឹកដ៏ធំប្រភេទ Admiral Panteleyev តំណាងឱ្យប្រទេសរុស្ស៊ីនៅក្នុងសមយុទ្ធនេះ។
ប្រទេសរុស្ស៊ី និងអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលលើកទីបួនរបស់ពួកគេតាមរយៈសន្និសីទវីដេអូកាលពីថ្ងៃទី២៨ ខែតុលា។ កិច្ចប្រជុំកំពូលនោះត្រូវបានធ្វើឡើងស្របនឹងខួបលើកទី៣០ នៃទំនាក់ទំនងរវាងរុស្ស៊ី និងសមាគមមួយនេះដែលបានប្រារព្ធនៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំកំពូលនោះបានអនុម័តនូវឯកសារមួយចំនួនក្នុងគោលបំណងអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ។ មេដឹកនាំភាគីទាំងពីរបានអនុម័តទៅលើសេចក្តីសម្រេចក្នុងការរៀបចំសមយុទ្ធជើងទឹករវាងរុស្ស៊ី-អាស៊ានជាលើកដំបូងដែលមិនធ្លាប់មានមួយនេះ៕ (ប្រភព TASS )by AKP
អត្ថបទដែលជាប់ទាក់ទង