ព្រឹកស្អែករដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងនាំយកវ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជូនរដ្ឋាភិបាល និងប្រជាជនឡាវ

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នឹងអញ្ជើញនាំយកវ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ។
សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣​លាន​ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០​លាន ដុល្លារ ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-​១៩ ផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា( ទទក) នឹងផ្សាយផ្ទាល់ពិធីប្រគល់ និងទទួលប្រារព្ធធ្វើនៅខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន)រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្មមន្ត្រី​ក្រសួងសុខាភិបាល និង ឯកឧត្តម គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ​៕ អរគុណសន្តិភាព (ដោយ: ទទក)
អត្ថបទដែលជាប់ទាក់ទង