ប្រជាពលរដ្ឋក្រីក្រចំនួន ៧៧៧គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ខេត្តកំពង់ធំ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាក់ស្តែងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចាត់លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្តកំពង់ធំ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៧៧៧គ្រួសារ ដែលរស់នៅភូមិពៅវើយ និងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនោះក្រុមការងារធ្វើការចែកចាយចំនួន ២ទីតាំងផ្សេងគ្នា គឺ នៅសាលាបឋមសិក្សាពាមបាង ចំនួន១៩០គ្រួសារ និងវត្តពៅវើយ ចំនួន៥៨៧គ្រួសារ។
មានប្រសាសន៍នាពេលនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពី សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងដោះស្រាយការលំបាកខ្វះខាតផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនៅទូទាំងប្រទេស។
លោកជំទាវបានពាំនាំនូវសារអំពាវនាវបន្ថែមជូនដល់បងប្អូនរួមមាន៖
១-សូមបងប្អូនមេត្តាយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយរក្សាបាននូវអនាម័យជាប្រចាំ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ
២- សូមបងប្អូនដែលមានផ្ទៃពោះ និងជិតសម្រាល សូមមេត្តាទៅពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាល និងក្រោយពេលសម្រាលក៏ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីលើកកម្ពស់សុខភាពរបស់ មាតា ទារក ក្នុងការរួមចំណែកកាត់បន្ថយអត្រាស្លាប់មាតា ទារក និង សូមស្វែងរកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពសម្រាលកូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
៤- សូមបងប្អូនចូលរួមរក្សាអនាម័យ ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩
៣- សូមបងប្អូនយកចិត្តទុកដាក់គិតគូរអំពីសុវត្ថិភាពចរាចរណ៍ ថ្វីបើនៅទីនេះយើងប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរក៏ដោយ តែពេលបើកបរសូមមេត្តា កុំសេពគ្រឿងស្រវឹង
៤-សូមយកចិត្តទុកដាក់មើលថែចាស់ៗ និងកុមារ សូម កុំបណ្តោយឱ្យលេងទឹក ឬនៅម្នាក់ឯង ក្រែងលង់ទឹកជាយថាហេតុ។
ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគួរដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនទុកនរណាម្នាក់ចោល ទោះបីនៅទីណាក៏ដោយ ពោលគឺ “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋដូចខាងក្រោម ៖
-សូមបងប្អូនមេត្តាយកចិត្តទុកដាក់រក្សាទឹកស្អាតសម្រាប់ប្រើប្រាស់ ជៀសវាងការប្រើប្រាស់ទឹកមិនស្អាត
-សូមបងប្អូនជួយថែរក្សាអនាម័យបរិស្ថាន កុំបោះសំរាម ឬកាកសំណល់រឹងដែលមិនរលាយចូលក្នុងផ្ទៃទឹក ព្រោះកាក សំណល់ទាំងនេះអាចធ្វើផ្ទៃបឹងកាន់តែរាក់
-សូមបងប្អូនកុំធ្វើការនេសាទដោយខុសច្បាប់ កុំទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស ព្រោះវាធ្វើឱ្យបាត់បង់នូវធនធានជីវៈចម្រុះ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ
-ហាមដាច់ខាតការធ្វើស្រែនៅក្នុងតំបន់អភិរក្ស ហើយគោលបំណងនៃការហាមឃាត់នេះ ព្រោះចង់ឱ្យបឹងទន្លេសាបរបស់យើងមានធនធានច្រើនឡើងវិញ។
-សូមចូលរួមថែរក្សាសមិទ្ធផលដែលមាននៅទីនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះតំបន់នេះក៏អាចទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ត អាចឱ្យបងប្អូនមានចំណូលបន្ថែមក្រៅពីការនេសាទផងដែរ។
សូមបញ្ជាក់អំណោយដែលបានផ្តល់ជូនទាំង ៧៧៧ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរ៕ អរគុណសន្តិភាព