វេជ្ជបណ្ឌិតកំពូលរបស់សហរដ្ឋអាមេរិកព្រមានអំពីវីរុសទម្រង់អូមីក្រុង និងសក្តានុពលចំពោះរលកទីប្រាំនៃការរាលដាលជំងឺកូវីដ-១៩

USA: អ្នកជំនាញខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយនៅលើទូរទស្សន៍ ABC ថា សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនដើម្បីធ្វើអ្វីមួយ និងត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសទម្រង់អូមីក្រុង (Omicron) នៃជំងឺកូវីដ-១៩ ប៉ុន្តែវានៅតែមានពេលឆាប់ពេកក្នុងការនិយាយថា តើត្រូវធ្វើការបិទខ្ទប់ឬក៏យ៉ាងណា។
លោក Fauci ដែលត្រូវបានគេរាយការណ៍ថា បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់លោកដើម្បីពិភាក្សាអំពីទម្រង់វីរុសនេះ និងការឆ្លើយតបរបស់រដ្ឋបាលសហរដ្ឋអាមេរិកនោះបាននិយាយថា «វាជៀសមិនរួចនោះទេ វានឹងមកដល់ទីនេះ។ សំណួរគឺថា តើយើងនឹងត្រៀមខ្លួនសម្រាប់វាដែរឬទេ? ហើយយើងសង្ឃឹមថា យើងនឹងបានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលទម្រង់វីរុសនេះឆ្លងមកដល់ទីនេះ»។
ទន្ទឹមនឹងនេះដែរ លោក Fauci ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់លោក បៃដិន បានព្រមានថា សហរដ្ឋអាមេរិកអាចមានសក្តានុពលជួបប្រទះនឹងរលកទីប្រាំនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែលោកបាននិយាយថា ការកើនឡើងនៃចំនួនជនជាតិអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនេះ អាចកាត់បន្ថយភាពធ្ងន់ធ្ងររបស់វាបាន។
លោក Fauci បាននិយាយនៅក្នុងកម្មវិធី «Face the Nation» របស់ស្ថានីយ៍ទូរទស្សន៍ CBS ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា «យើងពិតជាមានសក្តានុពលក្នុងការចូលទៅក្នុងរលកទីប្រាំ»។
លោក Fauci ដែលជានាយកវិទ្យាស្ថានជាតិអាលែកហ្ស៊ី និងជំងឺឆ្លង បាននិយាយថា មានជនជាតិអាមេរិកចំនួន ៦២លាននាក់ដែលអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្តែមិនទាន់បានទទួលការចាក់វ៉ាក់សាំងនោះនៅឡើយទេ ហើយមនុស្សរាប់លាននាក់ទៀតដែលត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ប្រាំមួយខែមុន ឥឡូវនេះភាពស៊ាំរបស់ពួកគេកំពុងមានការចុះខ្សោយ ដែលតម្រូវឱ្យមានការចាក់វ៉ា់សាំងដូសជំរុញ។
ភ្លាមៗបន្ទាប់ពីការរកឃើញទម្រង់វីរុសអូមីក្រុង សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងរឹតបន្តឹងការធ្វើដំណើរសម្រាប់ពលរដ្ឋមិនមែនជនជាតិអាមេរិកមកពីប្រទេសអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូថូ អេសវ៉ាទីនី ម៉ូសំប៊ិក និងម៉ាឡាវី ខណៈដែលអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សំខាន់ៗបានសន្យាថានឹងរៀបចំកម្រិតសមស្របដើម្បីជួយដល់ការកើតឡើងនូវរលកនៃការឆ្លងដែលអាចបង្កឡើងដោយវីរុសទម្រង់នោះ៕ (ប្រភព People’s Daily) by AKP
អត្ថបទដែលជាប់ទាក់ទង